(ព្រះវិហារ)៖ ក្នុងទិសដៅលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរជាការ កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ កំពុងតែយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវថ្នល់ជាប្រចាំនៅទូទាំងខេត្ត ក្រុង ស្រុកនោះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់រថយន្ត១គ្រឿង និងសម្ភារបរិក្ខាមួយចំនួនទៀត ដើម្បីជាមធ្យោបាយដល់មន្ទីរសម្រាប់ដំណើរការជួសជុល និងថែទាំផ្លូវថ្នល់ឲ្យកាន់តែមានភាពងាយស្រួលមួយកម្រិតទៀតផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះថា ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ គិតគូរចំពោះបញ្ហាកង្វះខាតមធ្យោបាយ និងសម្ភារសម្រាប់មន្ទីរបំរើឲ្យការងារជួសជុល និងថែទាំផ្លូវថ្នល់។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ជាមួយនឹងការទទួលបាននូវការលើកទឹកចិត្តពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនឹងប្តេជ្ញាយកចិត្តទុកដាក់ថែមទៀតបំពេញភារកិច្ចឲ្យកាន់តែប្រសើរឡើងទ្វេរដង ស្របតាមតួនាទីភារកិច្ចដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារប្រគល់ឲ្យផងដែរ។

លោក សំ លាងទ្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់បុគ្គលិក កម្មករទាំងអស់ សូមថែរក្សាអ្វីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ដូចជាអំណោយផ្សេងៗទៀត ដើម្បីប្រយោជន៍ឲ្យការប្រើប្រាស់ បានយូរអង្វែងប្រកបដោយគុណភាព៕