(ស្វាយរៀង)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុន្នីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កត្តាសន្តិភាពធ្វើឲ្យប្រទេសជាតិ មានឱកាសអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពឲ្យស្ថិតស្ថេរជានិរន្ត ជាពិសេសការពារដាច់ខាតមិនឲ្យកើតមានសង្គ្រាម។
ការលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោក និងលោកស្រីអញ្ជើញចូលរួមប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន៩វត្ត ដាំកូនឈើ និងសម្ពោធឆ្លងបុស្បបុក និងអភិសេកព្រះបរមរូប ព្រះករុណា ព្រះបាទជ័យវរ្ម័នទី៧ ដែលបានផ្តួចផ្តើមកសាងដោយលោកអគ្គបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ ស្ថិតក្នុងវត្តទួលអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។
ពិធីនេះក៏មានការចូលពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រីព្រមទាំងលោក លោកស្រីជាអភិបាលរងខេត្ត មន្ត្រីរាជការជាច្រើននាក់ផងដែរ។
លោកអគ្គបណ្ឌិតសភាចារ្យបានបន្តថា «វិស័យអាណាចក្ររីកចម្រើន វិស័យពុទ្ធចក្រក៏រីកចម្រើនដែរ ពោលវិស័យទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ហើយយើងមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបរបរកស៊ីគ្រប់បែបយ៉ាង និងគោរពប្រតិបត្តិសាសនារៀងៗខ្លួន ក្នុងនោះប្រទេសកម្ពុជាយើងបានចាត់ទុកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ហើយថ្ងៃនេះយើងបានមកជុំគ្នាក្រោមដំបូល នៃសុខសន្តិភាពពេញផ្ទៃប្រទេស បានធ្វើបុណ្យធ្វើទាន តាមគន្លងនៃព្រះពុទ្ធសាសនាផងដែរ»។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុន្នីរត្ន័ ក៏បានថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក និងលោក ម៉ែន វិបុល អភិបាលខេត្តព្រមទាំងក្រុមការងារទាំងអស់ ដែលចូលរួមនៅក្នុងពិធីបុណ្យ និងបានចូលជាបច្ច័យ ហើយក៏សូមជូនមគ្គផលកុសល្យផលបុណ្យជូន ដល់អស់លោក លោកស្រី និងញាត្តិការទាំងប្រាំពីរសន្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ
ជាពិសេសសូមឧទ្ទិសមហាកុសល្យផលបុណ្យ ដល់លោកឪពុកក្មេក អ៊ឹម សិទ្ធី អតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលាចាកលោកទៅលោកខាងមុខ សូមទៅកើតនៅទីបរមសុខគ្រប់ៗជាតិ៕