(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សាលាដំបូងខេត្តកែប អាចនឹងត្រូវបង្កើតឡើង នៅឆ្នាំ២០២០ខាងមុខនេះ ប្រសិនបើគម្រោងហិរញ្ញវត្ថុ ធនធានមនុស្ស និងបទដ្ឋានគតិយុត្តិមួយចំនួន ដំណើរការទៅដោយល្អ ដូចតាមការគ្រោងទុករបស់ក្រសួង។
ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News, លោក ជិន ម៉ាលីន បានឱ្យដឹងថា ក្រសួងយុត្តិធម៌កំពុងរៀបចំគម្រោងហិរញ្ញវត្ថុ, ធនធានមនុស្ស មានដូចជា ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរដ្ឋបាល ហើយប្រសិនបើគម្រោងទាំងពីរនេះ ដំណើរការទៅដោយរលូន សាលាដំបូងខេត្តកែប អាចនឹងត្រូវបង្កើតឡើង នៅដើមឆ្នាំ២០២០។ ទាក់ទងនឹងបទដ្ឋានគតិយុត្តិ លោកបន្តថា ការបង្កើតសាលាដំបូង នៃខេត្តណាមួយ ត្រូវធ្វើឡើយដូចមានចែងនៅក្នុងច្បាប់ស្តីពី «ការបង្កើតអង្គការតុលាការ»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ធ្លាប់បានអះអាងនៅក្នុងសន្និសីទមួយ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយបញ្ជាក់ឱ្យដឹងថា នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ មានសាលាដំបូងចំនួន២៤ ទូទាំងរាជធានី-ខេត្ត។ ដោយឡែក ខេត្តកែបមួយនេះ មិនទាន់មានសាលាដំបូងទេ ហើយរឿងក្តីនានា ត្រូវបានបញ្ជូនឱ្យដោះស្រាយ នៅសាលាដំបូងខេត្តកំពត។
លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធអង្គការចាត់តាំងនេះ យើងក៏មានគម្រោងបង្កើតសាលាដំបូងមួយទៀត គឺសាលាដំបូងខេត្តកែប។ មកដល់ពេលនេះ យើងមានសាលាដំបូងតែ២៤ទេ ខេត្តកែបអត់ទាន់មានសាលាដំបូង អត់ទាន់មានតុលាការ ប្រើរួមគ្នាជាមួយនឹងតុលាការខេត្តកំពត។ អញ្ចឹងទេ ទិសដៅខាងមុខអាចនៅឆ្នាំក្រោយ ប្រសិនបើអ្វីៗដំណើរការ តាមការគ្រោងទុករបស់យើង គម្រោងហិរញ្ញវត្ថុ គម្រោងធនធានមនុស្ស និងបទដ្ឋានគតិយុត្តមួយចំនួន យើងអាចចាប់ផ្តើមធ្វើការសាងសង់ សាលាដំបូងខេត្តកែបនេះ»។
សូមបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃ មានសាលាឧទ្ធរណ៍តែមួយទេ គឺសាលាឧទ្ធរណ៍រាធានីភ្នំពេញ ដោះស្រាយគ្រប់សំណុំរឿង ដែលត្រូវបានបញ្ជូនពីគ្រប់រាជធានី-ខេត្ត។ គិតត្រឹមឆ្នាំ២០១៩ ក្រសួងយុត្តិធម៌បានបណ្តុះបណ្តាល ធនធានមនុស្សចំនួន ៩វគ្គមកហើយ ដែលមានចៅក្រម ព្រះរាជអាជ្ញាសរុប កំពុងបំពេញការងារមានចំនួន ជិត៥០០រូបនៅទូទាំងប្រទេស៕