(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារបានបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាមក ស្ថានភាពទឹក គឺជាអំណោយផលល្អមួយ សម្រាប់បងប្អូនប្រជាកសិករធ្វើការដកស្ទូងដោយមានភាពងាយស្រួល ហើយចំពោះដំណាំផ្សេងៗទៀតមិនមានការខូចខាតដោយសារទឹកភ្លៀងនោះទេ។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះលោក ហោ ប៊ុនហួរ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំង៣ចុះតាមវាលស្រែ ពិនិត្យស្ថានភាពទឹក បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះផងដែរ។

ជាមួយគ្នានោះដែរ ស្ពានឈើមួយកន្លែងនៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង បានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង បណ្តាលឲ្យមានការខូចខាតខ្លះៗ ទន្ទឹមនិងនោះលោកក៏បានឲ្យក្រុមការងារជួសជុលឡើងវិញនូវកន្លែងខូចខាត ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពដូចដើម។

នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុករវៀង និងក្រុមការងារ បាននាំអំណោយរួមមានសម្ភារៈ និងថវិកា យកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសាររន្ទះបាញ់បណ្តាលឲ្យខូចខាតផ្ទះសំបែង ហើយលោកក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាកសិករ ត្រូវខិតខំបង្ករបង្កើនផលដើម្បីលើកកម្ពស់កំរិតជីវភាពគ្រួសារទាន់រដូវវស្សាចូលមកដល់ផងដែរ៕

\