(ព្រៃវែង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ រួមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ កសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួសារ របស់គម្រោងជំរុញផលិតកម្មស្បៀង នៅក្នុងបរិវេណវត្តកោះពាមរាំង ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
បន្ទាប់ពីលោកប្រធានមន្ទីរ និងអភិបាលរងខេត្តបានរាយការណ៍ និងធ្វើចំណាប់អារម្មណ៍ទាក់ទង សកម្មភាពផលិតបន្លែសុវត្ថិភាពនៅតំបន់នេះរួចមក, លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា មកជូនបងប្អូនទូទាំងស្រុកពាមជរ ដែលសម្តេចតែងតែគិតគូរពីបញ្ហាសុខទុក្ខរបស់បងប្អូនគ្រប់ៗគ្នា ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។
លោករដ្ឋមន្ត្រីបានសំណេះសំណាលជាមួយកសិករផលិតបន្លែ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកាន់យកអាជីពជាអ្នកដាំបន្លែ ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសារឲ្យបានល្អប្រសើរ។
លោកក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោង ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងសម្រេចបានលទ្ធផលល្អ ជាពិសេសសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ដែលបានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ផ្តោតជាសំខាន់ទៅលើការផលិតបន្លែសុវត្ថិភាព ក្នុងទិសដៅលើកកម្ពស់កម្រិតជីវភាពកសិករ តាមរយៈការបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក និងឈានទៅកាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។
លោកបានផ្តល់យោបល់ជារួមដោយសំដៅទៅលើការ អនុវត្តបច្ចេកទេសបន្ថែម ដើម្បីបង្កើនផលិតភាពផលិតកម្មបន្លែ រៀបចំចងក្រងសហគមន៍ផលិតបន្លែសុវត្ថិភាព ដោយសហការជាមួយវិស័យឯកជន តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យាដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងតម្លៃ។
លោកបានបញ្ជាក់បន្ថែមថា ទីផ្សារជាអ្នកកំណត់គុណភាព និងសុវត្ថិភាព ដោយហេតុនេះអ្នកផលិតត្រូវចាប់យកឱកាសទីផ្សារឲ្យបាន មានទីផ្សារមានការបញ្ជាទិញ ហើយមានការបញ្ជាទិញ ទើបមានផែនការផលិត ច្បាស់លាស់ មានយន្តការអនុវត្តបច្ចេកទេសត្រឹមត្រូវ ដល់ពេលនេះអ្នកផលិតយើងឈប់ផលិតបន្លែរដូវ និងឈប់ផលិតតាមគ្នា។ ក្រៅពីនេះ ត្រូវពង្រីកលទ្ធភាពដាំដុះឲ្យអស់សមត្ថភាព ដើម្បីធានាឲ្យបានទាំងបរិមាណនិងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ ឈានទៅកាត់បន្ថយការនាំចូល។ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មត្រូវសិក្សាពីលទ្ធភាពចងក្រងសហគមន៍ផលិត កំណត់ឲ្យបានច្បាស់ពីលក្ខណៈអំណោយផលតំបន់ដាំដុះបន្លែ ដើម្បីទាក់ទាញ និងតម្រង់ទិសដល់អ្នកផលិត និងអ្នកបញ្ជាទិញ ងាយស្រួលកំណត់ប្រភេទបន្លែ ដែលទីផ្សារត្រូវការ។
សិក្សាពីលទ្ធភាពនៃការបង្វែរទិសដៅ ដាំដុះដំណាំដែលគ្មានទីផ្សារច្បាស់លាស់ ផ្តល់ទិន្នផលទាប ប្រើប្រាស់ទឹកច្រើន និងពលកម្មថែទាំងាកមកដាំបន្លែ ដែលសមស្របទៅនឹងស្ថានភាពភូមិសាស្រ្ត អំណោយផលគុណភាពដីលទ្ធភាពទឹក និងពលកម្ម និងជាពិសេសនិន្នាការ នៃកំណើនតម្រូវការផលិតផលបន្លែសុវត្ថិភាព កាន់តែកើនឡើងជាលំដាប់។ ត្រូវស្វែងរកដៃគូអភិវឌ្ឍ និងវិស័យឯកជន សហការគ្នាបង្កើតមជ្ឈមណ្ឌលប្រមូលទិញ ផ្គត់ផ្គង់ និងចែកចាយ ដោយរៀបចំប្រព័ន្ធវេចខ្ចប់ រក្សាទុកក្នុងទូរត្រជាក់ និងដឹកជញ្ជូនត្រឹមត្រូវតាមបច្ចេកទេស។
សូមបញ្ជាក់ជូនផងដែរថា គម្រោងជំរុញផលិតកម្មស្បៀង ត្រូវបានរាជរដ្ឋាភិបាលតាមរៈយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបត្ថម្ភទឹកប្រាក់ចំនួនជាង ២០លានដុល្លារសហរដ្ឋអាមេរិក យកទៅអនុវត្តគម្រោងក្នុងខេត្តគោលដៅចំនួន១១ ក្នុងបំណងផលិតពូជស្រូវក្រអូប និងប្រភេទបន្លែសុវត្ថិភាព ប្រកបដោយនិរន្តរភាព ក្នុងទិសដៅកាត់បន្ថយការនាំចូល ដោយកំណត់គោលការណ៍ផលិតឲ្យបានស្រូវក្រអូបចំនួន១៥ពាន់តោន/ឆ្នាំ និងបន្លែចំនួន៦០ពាន់តោន/ឆ្នាំនាឆ្នាំ២០១៩។
គម្រោងបានជ្រើសយកសហគមន៍៦០ ផលិតពូជ២០០សហគមន៍ផលិតស្រូវចំណី កសិករចំនួន២០០០គ្រួសារផលិតបន្លែខ្នាតមធ្យម និង៦០គ្រួសារទៀតផលិតបន្លែខ្នាតធំ ដោយត្រូវអនុវត្តតាមគោលការណ៍ស្តីពីការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP)៕