(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានលើកឡើងថា រាជរដ្ឋាភិបាល នឹងបន្ដយកចិត្តទុកដាក់ ដោះស្រាយក្នុងការផ្ដល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត ដើម្បីប្រជាពលរដ្ឋទទួលបានផលប្រយោជន៍កាន់តែច្រើន និងមានជីវភាពកាន់តែល្អប្រសើរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី០២ ខែសីហាម្សិលមិញ សម្ដេចបានដឹកនាំប្រជុំគណៈរដ្ឋមន្ដ្រី និងបានអនុម័តនូវសេចក្ដីព្រាងច្បាប់មួយចំនួន ក្នុងនោះក៏មានច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ដ្រីរាជការ និងកម្មករ កម្មការិនី ទាំងពេលកំពុងធ្វើការ និងពេលឈប់សម្រាកពីការងារ ពិសេសកិច្ចគាំពារសម្រាប់ស្ដ្រី។

តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ? កាលពីម្សិល ខ្ញុំបានដឹកនាំប្រជុំគណៈរដ្ឋមន្រ្តី ដែលយើងបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយចំនួន ដែលក្នុងនោះ មានច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្រ្តីរាជការ និងកូនក្មួយកម្មករ កម្មការនី ទាំងក្នុងពេលបំពេញការងារ និងពេលឈប់សម្រាកពីការងារ ជាពិសេស គឺកិច្ចគាំពារសម្រាប់ស្រ្តី។

រាជរដ្ឋាភិបាល នឹងបន្តការយកចិត្តទុកដាក់ដោះស្រាយ ក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត ដើម្បីបងប្អូនទទួលបាននូវផលប្រយោជន៍ កាន់តែច្រើន និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍»៕