(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថាផលិតផលនៅក្នុងស្រុក ឬ GDP របស់កម្ពុជា នឹងមានអាត្រាកំណើន៧ភាគរយនៅឆ្នាំ២០១៩នេះ ដែលជាកំណើនខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ានដទៃទៀត។
នៅក្នុងរបាយការណ៍មួយរបស់ខ្លួន ADB ក៏បានបញ្ជាក់ដែរថា GDP របស់កម្ពុជានឹងមានអាត្រាកំណើន៦.៨ភាគរយនៅឆ្នាំ២០២០ ខណៈអតិផរណានឹងមានអាត្រា២.៥ ភាគរយក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ លើសពីនេះទៅទៀត GDP សម្រាប់ប្រជាជន កម្ពុជាម្នាក់ក៏ត្រូវបានរំពឹងផងដែរថានឹងមានកំណើន៤.៤ភាគរយក្នុងឆ្នាំ២០១៩ និង៤.២ភាគរយក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ថា GDP របស់កម្ពុជាមានកំណើន ៦.៩ភាគរយនៅឆ្នាំ២០១៦, ៧.០ភាគរយ ឆ្នាំ២០១៧, ៧.៣ភាគរយ ឆ្នាំ២០១៨ ហើយបើតាមការព្យាកររបស់ ADB ដែលថា GDP កម្ពុជានឹងមានកំណើន ៧.០ក្នុងឆ្នាំ២០១៩នេះ គឺជាកំណើនខ្ពស់ជាងគេបំផុត
នៅក្នុងចំណោមប្រទេសអាស៊ានដទៃទៀត រួមមានទាំងថៃ សិង្ហបុរី និងវៀតណាមផងដែរ។
ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៩នេះ នៅតែមានកំណើនខ្ពស់ ក្នុងអត្រា៧.១ភាគរយ ដោយសារកំណើនខ្ពស់នៃការនាំចេញ ពិសេសផលិតផលកាត់ដេរ ការបន្តកំណើនរឹងមាំនៃការវិនិយោគលើវិស័យសំណង់ និងការរីកធំធាត់នៃការប្រើប្រាស់ក្នុងស្រុក។
ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុពិភពលោក (IMF) សុទ្ធតែបានព្យាករផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជា នៅរក្សាកំណើនរង្វង់ជិត៧ភាគរយ ក្នុងឆ្នាំ២០១៩៕