(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាពលរដ្ឋ ដែលធ្វើដំណើរមកពីបណ្តាខេត្តផ្សេងៗ ពេលទទួលទានចំណីអាហារហើយ ត្រូវចេះវិចខ្ចប់សំណល់ សំរាម និងយកទៅដាក់ក្នុងធុងសំរាម ឬកន្លែងដែលគេកំណត់សំរាប់ដាក់សំរាម កុំបោះចោលឱ្យរួចពីដៃ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់សោភ័ណភាព អនាម័យ បរិស្ថាន ពិសេសពេលសំរាមស្អុយរលួយ វាប៉ះពាល់ដល់សុខភាពមនុស្សថែមទៀតផង។

លោកអភិបាលខណ្ឌថ្លែងបែបនេះ ក្នុងឱកាសដឹកនាំកំលាំង មានមន្រ្តីរាជការសាលាខណ្ឌ, កំលាំងសមត្ថកិច្ចទាំងពីរផ្នែក អាជ្ញាធរសង្កាត់ ភូមិ ព្រះសង្ឃ និងកំលាំងអនាម័យរបស់ក្រុមហ៊ុន ស៊ិនទ្រី សរុបជាង២០០អង្គនាក់ ចូលរួមធ្វើអនាម័យ សំអាតសំរាម និងប្រើគ្រឿងចក្រ កៀប្រមូលយកដីចេញពីចិញ្ចើមផ្លូវ និងលាងសំអាតទ្រូងផ្លូវ លើកកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

លោក ហែម ដារិទ្ធ បានថ្លែងថា ការធ្វើអនាម័យថ្ងៃនេះ បើទោះបីមានព្រះសង្ឃចូលរួមពីគ្រប់វត្តទូទាំងខណ្ឌពោធិ៍សែនជ័យក៍ដោយ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ដែលជាអ្នកបង្កើតសំរាមនោះទេ អ្វីៗក៍មិនអាចស្អាតបានដែរ ដូច្នេះការធ្វើអនាម័យថ្ងៃនេះ គឺជាសារមួយដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវនិមួយៗ ឲ្យចូលរួមទាំងអស់គ្នា ធ្វើឱ្យខណ្ឌពោធិ៍សែនជ័យយើងទាំងមូល ក្លាយទៅជាទីក្រុងមួយដ៏ស្អាត គ្មានសំរាម គ្មានការប្រឡាក់ថ្នល់ ជាទីក្រុងដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងឈានទៅប្រកួតប្រជែង ការប្រឡងប្រណាំង ទីក្រុងស្អាត ដណ្តើមយកផ្ការំដួលឱ្យបាន ៣ ទង នាពេលខាងមុខ។

លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងឡាយ សូមកុំដាក់តាំងទំនិញលក់លើចិញ្ចើមផ្លូវ និងរំលោភលើទ្រូវផ្លូវ ដោយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់សង្គម។ ជាមួយនេះ លោកណែនាំឱ្យអាជ្ញាធរសង្កាត់ សូមយកចិត្តទុកដាក់ពីបញ្ហានេះ ឱ្យបានដឹត ដល់ ពីការរំលោភទ្រូងផ្លូវ នឹងចិញ្ចើម ហើយបើណែនាំហើយ គាត់មិនស្តាប់ត្រូវចាត់វិធានការតឹងរឹង ឱ្យគាត់ធ្វើកិច្ចសន្យា ឬដកហូតសំភារៈ ឬមុខទំនិញដែលរំលោភ មករក្សាទុក ដើម្បីជាការព្រមាន៕