(ព្រៃវែង)៖ លោក ហួម តាំងហឿត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិ ក្នុងមូលដ្ឋានឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
បន្ទាប់ប្រកាសសមាសភាពរួចមក លោក ហួម តាំងហឿត បានណែនាំដល់ប្រធានក្រុមការងារចុះជួយភូមិ ត្រូវស្គាល់ពីសមាជិក ឬក្រុមការងាររបស់ខ្លួន ដើម្បីងាយស្រួលក្នុងការបំពេញការងារចុះជួយប្រជាពលរដ្ឋ តាមអ្វីដែលខ្លួនទទួលបន្ទុក តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ពិសេសស្របតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស។
លើសពីនេះ លោក ហួម តាំងហឿត បានក្រើនរំលឹកដល់ប្រធានក្រុមការងារតាមមូលដ្ឋានទាំងអស់ ចាប់ពីពេលប្រកាសនេះទៅ ត្រូវសហការគ្នាជាមួយសមាជិក ដើម្បីចុះសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ឬបញ្ហាប្រឈមផ្សេងៗ ដើម្បីមានវិធានការដោះស្រាយជាបន្ដបន្ទាប់ ហើយបើមូលដ្ឋានដោះស្រាយមិនចេញនោះទេ ត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី ក៏បានគូសបញ្ជាក់ឲ្យដឹងអំពីកិច្ចខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដរក្សាសន្ដិភាព និងបង្កើនការអភិវឌ្ឍប្រទេសជាតិដូចពេលបច្ចុប្បន្ននេះ ដូច្នេះហើយក្រុមការងារ និងប្រជាពលរដ្ឋត្រូវតែបន្ដរួមគ្នាចូលរួមថែរក្សាសន្ដិភាពនេះបន្ដទៀត។
លោក ហួម តាំងហឿត បានគូសបញ្ជាក់ថា អាជ្ញាធរដែនដី និងស្ថាបន័ដែលពាក់ពន្ធ័ទាំងអស់ ត្រូវអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងការបន្តថែរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ មានតម្លាភាព និងគណនេយ្យភាព៕