(ភ្នំពេញ)៖ លោក ជា សឿន អនុប្រធានអចិន្រ្តៃយ៍សមាគមខ្មែរ-ចិននៅកម្ពុជា បានថ្លែងថា តាមរយៈការវិយោគរបស់ចិន មកប្រទេសកម្ពុជាកាន់តែច្រើន នឹងអាចចូលរួមជួយក្នុងការបន្ថែម នូវសោភ័ណ្ឌភាព និងគុណភាពនៃសំណង់ និងស្ថាប័ត្យកម្មនៅក្នុងទីក្រុងភ្នំពេញ ហើយនឹងរឹតតែធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងអាចក្លាយទៅជាទីក្រុងប៉ារីស ដ៏តូចមួយនៅប៉ែកបូព៍ា។
លោក ជា សឿន បានលើកឡើងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសន្និសីទហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេត ក្រោមប្រធានបទ«ភាពប៉ិនប្រសព្វ ហ៊ួយផាយ និងកិត្តិយសទីក្រុងភ្នំពេញ» ដែលបានធ្វើឡើងនៅសណ្ឋាគារ ហួងសាន។ កម្មវិធីនេះក៏មានការចូលរួមជាគណៈអធិបតីលោកឧញ៉ា ហ៊ុន តូ និងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោក ជា សឿន បានលើកឡើងថា ការសម្ភោធគម្រោង ហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេតនេះ បានបញ្ជាក់ពីការរីកចម្រើននៃក្រុមហ៊ុន ហ៊ុយប៉ាង នៅកម្ពុជា ដោយបានធ្វើការដឹកនាំមុខគេទៅលើវិស័យអចលនទ្រព្យ ដែលបានបញ្ជាក់ពីសច្ចៈធម៌ជាក់ស្តែង ក៏ដូចជាសេវាកម្ម និងការផ្តល់នូវលំនៅដ្ឋានប្រកបដោយសុខ សុភមង្គលដល់ទីក្រុងភ្នំពេញ ជាមួយនឹងគម្រោងដែលមានប្រណិតភាព ដោយបានផ្តល់នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជនជាច្រើនផងដែរ។
អនុប្រធានសមាគមខ្មែរ-ចិននៅកម្ពុជា បានបន្ថែមថា ជាមួយនឹងទីតាំងដ៏ល្អប្រសើរ និងទីទាំងដ៏ស៊ីវិល័យ និងល្អប្រណិតនៅទីក្រុងភ្នំពេញរបស់គម្រោង ហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេតនេះ លោកជឿជាក់ថា នឹងផ្តល់ការជឿជាក់ និងធ្វើឱ្យមានការរីកចម្រើនកាន់តែខ្លាំងដល់ទីក្រុងភ្នំពេញ ដោយសារគម្រោងនេះ គឺមានគុណភាពខ្ពស់ជាមួយនឹងរចនាបទដ៏ល្អប្រណិត ទំនើបទាន់សម័យ និងផ្តល់នូវសុខសុភមង្គលដល់អតិថិជនផងដែរ។
លោកបានបន្ថែមទៀតថា តាមរយៈគម្រោងនេះ និងអាចចូលរួមជួយក្នុងការបន្ថែមនូវសោភ័ណ្ឌភាព និងគុណភាពនៃសំណង់ និងស្ថាប័ត្យកម្មនៅក្នុងទីក្រុងភ្នំពេញផងដែរ ហើយនិងរឹតតែធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន និងក្លាយទៅជាទីក្រុងប៉ារីសដ៏តូចនៅប៉ែកបូព៍ាផងដែរ។ ក្នុងនោះតាមរយៈកាវិយោគរបស់ចិនមកកម្ពុជាកាន់តែច្រើន ក្រោមកិច្ចអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងការដឹកនាំដ៏ត្រឹមត្រូវនេះ លោកសង្ឃឹមថាគម្រោងទាំងអស់ និងអាចជួយឱ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនខ្លាំងតទៅមុខបន្ថែមទៀតផងដែរ។
លោក លីវ យិន អគ្គនាយកក្រុមហ៊ុន ហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេត បានលើកឡើងថា ហួងប៉ាង ហួងសានអ៊ិនធ័រណេសិនណល គ្រុប បានបង្កើតឡើងអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយបានខិតខំអភិវឌ្ឍន៍មាគ៍ាពិពិធកម្ម រហូតដល់ពេលបច្ចុប្បន្ននេះ ដោយបានប្តេជ្ញាពង្រីកខ្លួនក្នុងវិស័យអចលនទ្រព្យ និងរៀបចំបោះគោលដៅនៅអាស៊ីអាគ្នេយ៍ ដោយឈរជើងក្នុងទីក្រុងភ្នំពេញ ក្នុងការរចនាឱ្យអន្តរជាតិនីយកម្ម ក្នុងការរស់នៅប្រកបដោយប្រណិតភាព។
ហ៊ួយប៉ាង ហួងសាន វាជាចំណែកមួយដែលទាក់ទងនឹងការរស់នៅដ៏ល្អប្រសើរ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈរស់នៅរបស់ប្រជាជន ហើយវាមិនត្រឹមតែជាចំណុចចាប់ផ្តើមនៃការរស់នៅប្រកបដោយប្រណិតភាពនៅក្នុងទីក្រុងភ្នំពេញនោះទេ ប៉ុន្តែវាជានិយមន័យពីការចាប់ផ្តើមថ្មីស្រឡាងមួយ នៃការរស់នៅលំដាប់ពិភពលោក នៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា ហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេត បានផ្សារភ្ជាប់ជាមួយនឹងការរស់នៅ ពាណិជ្ជកម្មស្តង់ដារខ្ពស់ រួមមានផ្សារទំនើប សណ្ឋាគារលំដាប់ផ្កាយ សាលាអន្តរជាតិ មន្ទីពេទ្យស្តង់ដារខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ស្ថិតនៅក្នុងតំបន់កោះពេជ្រ ដែលនឹងផ្តលជូនអតិថិជនក្នុងការរស់នៅតាមបែបប្រណិតភាព ស្ថិតនៅក្នុងទីក្រុងភ្នំពេញ៕