(វ៉ាស៊ីនតោន)៖ មេធាវីអាមេរិកមួយរូបគឺលោក គ្រីស្តូហ្វឺ ប៊ឺរែស (Christopher Beres) បាននិយាយថា សេចក្ដីព្រាងច្បាប់ស្ដីពីលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងបំផ្លាញដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្វះស្វែងទប់ស្កាត់ការរីកសាយ នៃឥទ្ធិពលប្រទេសចិននៅក្នុងតំបន់ នេះបើយោងសារព័ត៌មានអាមេរិក Florida Daily ចេញផ្សាយថ្មីៗនេះ។

យោងតាមលោក Christopher Beres សេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា ឬ The Cambodia Democracy Act មានកំហុសតាំងតែពីចំណុចផ្ដើមមកម្ល៉េះ ពីព្រោះច្បាប់នេះឈរលើឆន្ទៈរបស់ គណបក្សនយោបាយខុសច្បាប់មួយ (អតីតបក្សសង្គ្រោះជាតិ ឬ CNRP) ដែលត្រូវបានតុលាការកំពូលកម្ពុជា រំលោយចោលបាត់ទៅហើយនោះ។

លោក Beres សង្កត់ធ្ងន់ទៀតថា ខណៈសហរដ្ឋអាមេរិកចាត់ទុកការកើនឡើង នៃឥទ្ធិពលរបស់ចិនទាំងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់គឺជាការគំរាមកំហែងធំនោះ សេចក្ដីព្រាងច្បាប់នេះអាចនឹងបំផ្លាញដល់ ផលប្រយោជន៍យុទ្ធសាស្ត្រអាមេរិក ដ្បិតការដាក់ទណ្ឌកម្មណាមួយលើកម្ពុជា មានតែរុញច្រានឱ្យប្រទេសមួយនេះ កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត បើសហរដ្ឋអាមេរិកនៅតែបង្ខំកម្ពុជាដើរដល់ផ្លូវទាល់ច្រកនោះ កម្ពុជារឹតតែត្រូវការការគាំទ្រពីចិនបន្ថែម ហើយក៏ទំនងជាអាចនឹងអនុញ្ញាតឱ្យមាន វត្តមានយោធាចិននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃណាមួយថែមទៀតផង។

ដូច្នេះហើយលោក Beres បានស្វែងយល់ថា សភាអាមេរិកគួរតែយល់ឱ្យច្បាស់ថា កម្ពុជាគឺជាប្រទេសមួយមានសិទ្ធិអធិបតេយ្យភាព ដូចគ្នាទៅនឹងប្រទេសដទៃនៅលើពិភពលោក ហើយមិនគួរអនុម័តច្បាប់ណាមួយ សំដៅដាក់ទណ្ឌកម្មលើកម្ពុជានោះទេ ព្រោះវាមានតែធ្វើឱ្យចិនកេងចំណេញផលប្រយោជន៍ ពីជម្លោះរវាងសហរដ្ឋអាមេរិក និងកម្ពុជាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមលោក Christopher Beres បានឲ្យដឹងថា បើសិនជាកម្ពុជាចង់អនុញ្ញាតឱ្យបរទេសណាមួយក្នុងនោះមានទាំងសហរដ្ឋអាមេរិក ឬចិន ដាក់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន វាគឺជាសិទ្ធិរបស់កម្ពុជាស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែប្រទេសកម្ពុជាផ្ទាល់ធ្លាប់បានអះអាងជាច្រើនលើករួចហើយថា មិនមានភាពចាំបាច់អ្វីត្រូវអនុញ្ញាតឱ្យយោធាបរទេសឈរជើង នៅលើទឹកដីរបស់ខ្លួនឡើយ។

សូមបញ្ជាក់ថា លោក Christopher Beres អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក រដ្ឋផ្លរីដា និងតុលាការកំពូលសហរដ្ឋអាមេរិក៕