(ភ្នំពេញ)៖ នៅម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីផ្សេងគ្នា នៅក្នុងរាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងខូចខាងរថយន្ត៤គ្រឿង។

ករណីទី១៖ បុរសម្នាក់បើករថយន្ត FORD RANGER ពាក់ស្លាកលេខរដ្ឋ13 2-0818 បុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតខ្ទេចយ៉ាងដំណំ នៅខណ្ឌសែនសុខ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្បែរផ្សារហេងលី សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខរដ្ឋ13 2-0818 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតមួយផ្ទាំងទទឹងផ្លូវ។ ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ តែសំណាងល្អ អ្នកបើកបររថយន្តខាងលើមិនមានរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។

ករណីទី២៖ បុរសម្នាក់បើករថយន្តលឿនរេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖១៥នាទីយប់ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ឌៀប ជុងគៀក ភេទប្រុស មានអាយុ៣៣ឆ្នាំ និងមានស្រុកកំណើតស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រុងភ្នំពេញ។ បច្ចុប្បន្នស្នាក់នៅផ្លូវ១៤៦ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក NISSAN MICRA ពណ៌ប្រផេះដែលពាក់ស្លាកលេខ បាត់ដំបង 2A-5801 ក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ២៨គ្រួសារលុះមកដល់ចំណុច កើតហេតុរថយន្តខាងលើបាន រេចង្កូតក៏ជ្រុលទៅបុកបង្គោលភ្លើង ចំពេញមួយទំហឹងបណ្ដាលឲ្យបុរសខាងលើបោកក្បាលនឹងរថយន្តស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ដោយឡែកសពសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

ករណីទី៣៖ នៅម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែសីហាឆ្នាំ ២០១៩ នៅតាមបណ្ដោយមហាវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានរថយន្ត២គ្រឿង បើកបរដោយជនជាតិចិនដូចគ្នា ដោយមួយគ្រឿងម៉ាក Porsche ពាក់ស្លាកលេខ ភ្នំពេញ 2AW-0131 និងមួយគ្រឿងទៀតម៉ាក Range Rover ស្លាកលេខ ភ្នំពេញ 2AM-9996 បានបុកគ្នាបណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ ហើយជនជាតិចិនទាំងពីរនោះ ក៏និយាយមិនត្រូវគ្នាដោយសារសុទ្ធតែខ្លាំងរៀងខ្លួន គឺទុករថយន្តចោលនៅកន្លែងកើតហេតុ។

មុនកើតហេតុ គឺមានរថយន្តពីរគ្រឿងបើកបរតាមបណ្ដោយមហាវិថីសុធារស ដោយមកដល់ចំណុចកើតហេតុ គឺរថយន្ត Porsche បានបុកពីក្រោយរថយន្ត Range Rover តែម្ដងឲ្យខូចខាត។ ខាងរថយន្តខូចខាតទារថ្លៃខាងរថយន្តបង្កមិនត្រូវគ្នា រថយន្តទាំងពីរគ្រឿងត្រូវបានស្ទូចយកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕