Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត៖ កិច្ចសហការរវាង Hout & Associates Law Group និងក្រុមហ៊ុន Yingke Cam មកពីប្រទេសចិន ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន

02-08-2019 23:38

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានលើកឡើងថា កិច្ចសហការរវាង Hout & Associates Law Group និងក្រុមហ៊ុន Yingke Cam Co., Ltd. មកពីប្រទេសចិន បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាង Huot & Associates Law Group និងក្រុមហ៊ុន Yingke Cam Co., Ltd ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងពិធីនេះមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី សុង ធីតា ប្រធានក្រុមប្រឹក្សាក្រុមមេធាវី Hout & Associates Law Group, លោកស្រី HAO HUIZHEN ស្ថាបនិកការិយាល័យមេធាវី YINGKE និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ អាចជាការចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងដំណើរការ នៃការបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាកម្ម ពិគ្រោះយោបល់ ជូនដល់អ្នកវិនិយោគអន្តរជាតិ ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឲ្យទទួលបានសេវាកម្មប្រកបដោយគុណភាព ទំនុកចិត្ត និងវិជ្ជាជីវៈ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជា ជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញខ្លាំង សម្រាប់អ្នកវិនិយោគបរទេស ដោយផ្អែកលើសក្តានុពលផ្នែកពាណិជ្ជកម្មវិនិយោគ ទេសចរណ៍ វប្បធម៌ និងកសិកម្ម ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ សុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា រួមគ្នាសម្រេច និងថែរក្សាបានក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។

លោកថា កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីទំនាក់ទំនងល្អ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ជាពិសេសលើផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជន ដែលដើរទន្ទឹមគ្នាជាមួយគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា កម្ពុជា-ចិន បានប្ដេជ្ញាបន្ដពង្រីក សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួន លើវិស័យសំខាន់ៗ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍន៍កសិកម្ម។

ឧត្តមសេនីយ៍ឯក រូបនេះ បន្ដទៀតថា នេះគឺជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីជំរុញការអភិវឌ្ឍរួមមិត្ដភាព សន្ដិភាព និងវិបុលភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ កម្ពុជា មានគោលនយោបាយសេដ្ឋកិច្ច សមាហរណកម្មបើកទូលាយ មានច្បាប់វិនិយោគល្អប្រសើរ និងផ្តោតជាសំខាន់លើការប្រជុំអភិវឌ្ឍវិស័យឯកជន ឲ្យក្លាយទៅជាក្បាលម៉ាស៊ីន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

សូមបញ្ជាក់ផងដែរថា កិច្ចសហការរវាង Hout & Associates Law Group និងក្រុមហ៊ុន Yingke Cam នឹងចូលរួមចំណែកមួយ ប្រកបដោយប្រសិទ្ធភាព ក្នុងការទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើនការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត៕