(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសពីការ ឈ្នះពានរង្វាន់មួយទៀត គឺជាបណ្តាញទូរស័ព្ទចល័តល្អបំផុត ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩ ពីទស្សនាវដ្តី International Business Magazine។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cellcard ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
ទស្សនាវដ្តីនេះ មានទីតាំងស្ថិតក្នុងទីក្រុងឌូបៃ ហើយត្រូវបានទទួលស្គាល់ថា ជាទស្សនាវដ្តីដែលតែងតែធ្វើការតាមដាន និងផ្សព្វផ្សាយពីផលិតផល និងម៉ាកល្បីៗទូទាំងពិភពលោក ដែលមានជំនាញ និងនិន្នាការលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
សេចក្តីប្រកាសជាផ្លូវការនេះ ត្រូវបានចុះផ្សាយនៅលើគេហទំព័រ របស់ក្រុមហ៊ុន Cellcard ផ្ទាល់ក្រោយពីការដាក់ពិន្ទុ ពីគណៈកម្មការ ក្រុមអ្នកកាសែត អ្នកវិភាគ និងថ្នាក់ដឹកនាំ ក្នុងឧស្សាហកម្មរយៈពេល៤សប្តាហ៍។
ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន៤ផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ និងផ្តល់ពានរង្វាន់ដោយទស្សនាវដី្ត រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន Blackwell Global Investment។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងថា «ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ របស់ក្រុមហ៊ុន Cellcard ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំឈានមុខគេ ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់អាជីវកម្មជាជនជាតិខ្មែរ»។
លោកបានបន្ថែមថា «ក្រុមហ៊ុន Cellcard ត្រូវបានទទួលស្គាល់ពីគ្រប់ថ្នាក់តំបន់ និងទូទាំងពិភពលោកក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ»។ លោកថា «មកទល់នឹងពេលនេះ ពួកយើងបានទទួលពានរង្វាន់ចំនួន១៦ហើយ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 4G»។
សូមជម្រាបថា កាលពីដើមខែកក្កដា Cellcard បានប្រកាសពីពានរង្វាន់ Ookla Speedtest ដែលក្រុមហ៊ុន បានឈ្នះជាលើកទី៣បន្តបន្ទាប់គ្នា ក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន Cellcard ក៏បានជាប់ចំណាត់ថ្នាក់ ជាក្រុមហ៊ុនកំពូលទាំង៣០ប្រចាំឆ្នាំ២០១៩ ធ្វើឡើងដោយទស្សនាវដ្តី Silicon Review Magazine ដែលនឹងត្រូវប្រកាស នៅខែនេះផងដែរ៕