(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាមួយលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្ត្រីក្រុមប្រឹក្សាខេត្ត អភិបាល រងខេត្ត ព្រមទាំងមន្ត្រីមកពីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអង្គការដៃគូរអភិវឌ្ឍន៍ក្នុងខេត្តកណ្តាលសរុបប្រមាណ ៤២៥នាក់ ដើម្បីជជែក និងដាក់ចេញវិធានការមួយចំនួនដោះស្រាយលើបញ្ហាបណ្តាលមកពីគ្រោះមហន្តរាយ។
ក្នុងកិច្ចពិភាក្សានោះលោកបណ្ឌិត ម៉ៅ ភិរុណ បានលេីកឡេីងពីបង្ហាញពីគ្រោះមហន្តរាយនានា ដែលបានកើតមាននៅក្នុងខេត្តនាពេលកន្លងមក។ គ្រោះមហន្តរាយនោះមានដូចជា៖ ខ្យល់កន្ត្រាក់ ២០លើក ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១១០ខ្នង, គ្រោះរាំងស្ងួតកើតមាននៅក្នុងស្រុកចំនួន៥ ប៉ះពាល់ផ្ទៃដី ២,៥៦៤ហិកតា, បាក់ស្រុតច្រាំងទន្លេ ៣ក្រុង/ស្រុក ចំនួន ៧កន្លែង សរុបប្រវែង១,២៣០ម៉ែត្រ, ជំងឺប៉េស្តជ្រូកអាហ្វ្រិករីករាលដាលចំនួន ៣ស្រុក ងាប់ជ្រូកចំនួន១,៤២៤ក្បាល។ល។
លោកអភិបាលខេត្ត បានឱ្យដឹងថា ជាការឆ្លើយតបបញ្ហាទាំងនេះ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះបានទាន់ពេលវេលា។
ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តកណ្តាល។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់មន្ត្រី បុគ្គលិក រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ដែលបានរួមគ្នាក្នុងការឆ្លើយតបបានទាន់ពេលវេលា រាល់ពេលមានគ្រោះមហន្តរាយកើតឡើង និងផែនការត្រៀមបម្រុងបានល្អប្រសើរគួរជាទីមោទនៈ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ខេត្តកណ្តាល មានសមិទ្ធផលជាច្រើនបានកើតមានឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានរួមចំណែកយ៉ាងធំធេងធ្វើឲ្យខេត្តកណ្តាល មានការប្រែប្រួលមុខមាត់ថ្មី មានសន្តិសុខ សុវត្ថិភាព សោភ័ណភាព និង ជំរុញល្បឿន នៃការអភិវឌ្ឍន៍ ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកាន់តែឆាប់រហ័ស។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រមទាំងមន្រ្តីពាក់ពន្ធ័ជុំវិញខេត្ត និងអង្គការដៃគូ ត្រូវធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយរបស់ខេត្ត។ ជាមួយគ្នានោះ ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុន ក្នុងការបង្ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗ ហើយត្រូវធ្វើសកម្មភាពឆ្លើយតបឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅពេលមានគ្រោះមហន្តរាយកើតឡើង៕