(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិកម្ពុជា នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នេះ។

មានមតិក្នុងពិធីបើកកិច្ចប្រជុំ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេស នៅក្នុងនោះ បានខិតខំប្រឹងប្រែងបើកកិច្ចប្រជុំពិភាក្សាក្នុងកម្រិតបច្ចេកទេសជាបន្តបន្ទាប់ ហើយសម្រេច និងអនុម័តយកស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ ដែលរហូតមកដល់ពេលនេះ បានជាង៨០០ស្តង់ដារ ផលិតផល និងទំនិញរួចហើយ ។ ផលប្រយោជន៍ គឺធ្វើយ៉ាងណាឱ្យផលិតផល ឬទំនិញដែលផលិតនៅកម្ពុជា គោរពបានតាមកម្រិតស្តង់ដារ ជាពិសេសស្របពេលដែលបច្ចេកវិទ្យា និងការច្នៃប្រឌិតនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ កំពុងមានការីកចម្រើនជាលំដាប់ ដែលតម្រូវឱ្យផលិតផលឬទំនិញ មានគុណភាពខ្ពស់ និងអនុលោមតាមស្តង់ដារអន្តរជាតិ ។

បន្ទាប់មកកិច្ច ប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក រួមមាន៖ ការស្តាប់របាយការណ៍ស្តីពីកិច្ចប្រជុំលលើកទី២០ នៃក្រុមប្រឹក្សាស្តង់ដារជាតិ ដែលបានប្រារព្វធ្វើកាលពីថ្ងៃទី០៣ ខែ កញ្ញា ២០១៨ កន្លងទៅ និងធ្វើការពិភាក្សា និងអនុម័តទៅលើស្តង់ដារដូចខាងក្រោម៖

ក៖ ស្តង់ដារអន្តរជាតិផ្នែកប្រព័ន្ធគ្រប់គ្រង ISO 22000:2018 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ-ការតម្រូវសម្រាប់ អង្គភាពណាមួយដែលស្ថិតនៅក្នុងខ្សែចង្វាក់ម្ហូបអាហារ (Food safety mana- ge ment systems-requirements for any organization in the food chain) ដែលផ្តោតទៅលើដំណើរការនានា ដើម្បីថែរក្សាអនាម័យ និងសុវត្ថិភាពនៅក្នុងការដាំដុះ ផលិត វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន ផលិតផល ចាប់តាំងពីកសិដ្ឋានរហូតដល់តុអាហារ ក្នុងទិសដៅធានាឱ្យបាននូវសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកបរិភោគ។

ខ៖ ស្តង់ដារអន្តរជាតិ ISO ផ្នែកផលិតផលធ្វើពីកៅស៊ូចំនួន០៥ស្តង់ដារ នៅក្នុងចំណោមស្តង់ដារទាំង៦៤ ដែល ក្រុមការងារអាស៊ានផ្នែកផលិតផលពីកៅស៊ូ បានឯកភាពយកសម្រាប់ការធ្វើឱ្យចុះសម្រុងគ្នានៅអាស៊ាន និងជំរុញឱ្យបណ្តាប្រទេស ជាសមាជិក អនុម័ត ទទួលយកជាស្តង់ដារជាតិទៅតាមកម្មវិធី និងពេលវេលារបស់ខ្លួន។

គ៖ ស្តង់ដារអន្តរជាតិ ISO ផ្នែកសារធាតុនិងផលិតផលគីមីចំនួន ០៤ ស្តង់ដារ ដែលក្នុងនោះមានពាក់ព័ន្ធនឹងវាក្យស័ព្ទប្រើប្រាស់ក្នុងវិស័យទន្តសាស្ត្រ ទឹកសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ និងច្រាសដុសធ្មេញ ក្នុងទិសដៅគាំទ្រលើ វិស័យសុខុមាលភាពសាធារណៈ ជាពិសេសលើបញ្ហាសុខភាពមាត់-ធ្មេញ។

ឃ៖ ស្តង់ដារអន្តរជាតិ IEC សម្រាប់បរិក្ខាអគ្គីសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន ១៩ស្តង់ដារ មកធ្វើជាស្តង់ដារ ជាតិរបស់កម្ពុជា ក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានីភ័យ និងបរិស្ថានដែលបង្កដោយបរិក្ខារទាំងនោះ។

ង៖ ស្តង់ដារ UNECE Regulation 28 ស្តីពីបញ្ញត្តរួមដែល ពាក់ព័ន្ធនឹងការអនុម័តយកឧបករណ៍ ព្រមានដោយ សញ្ញាជាសំឡេងបំពាក់នៅក្នុងប្រព័ន្ធយានយន្ត សម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យឬអធិការកិច្ចលើសុវត្ថិភាពយានយន្ត បន្ថែមលើស្តង់ដារទាំង១៩ ដែលបានអនុម័តកន្លងមក។

ច៖ ស្តង់ដារយានយន្តរបស់សហរដ្ឋអាមេរិក (FMVSS) ចំនួន៣៩ស្តង់ដារ សម្រាប់ការអនុវត្តក្នុងក្រមខ័ណ្ឌ នៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជាមួយអាមេរិក ផ្អែកតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-អាមេរិក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៦ ។

ទន្ទឹមនេះដែរ ក្រុមប្រឹក្សាស្តង់ដារជាតិ បានធ្វើបច្ចុប្បន្នភាពសមាជិកភាពរបស់ខ្លួន និង បង្កើតគណៈកម្មការបច្ចេកទេសស្តង់ដារថ្មីចំនួន២ បន្ថែមទៀត រួមមានគណៈកម្មការបច្ចេកទេសស្តង់ដារផ្នែកឌីជីថល និងគណៈកម្មការបច្ចេកទេសផ្នែក វាយណភ័ណ្ឌ និងគណៈកម្មការគោលនយោបាយចំនួនពីរថ្មី រួមមានគណៈកម្មការផ្នែកវាយតម្លៃហានិភ័យនិងគណៈកម្មការ និងគណៈកម្មការផ្នែកនីតិវិធីវាយ តម្លៃភាពអនុលោម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា និងសេដ្ឋកិច្ច ដើរឱ្យទាន់និន្នាការបដិវត្តន៍ឧស្សាហកម្ម ៤.០ និងដើរឱ្យទាន់និន្នាការ នៃការអភិវឌ្ឍស្តង់ដារនៅក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិ៕