(កំពត)៖ បុរស៣នាក់ដែលពាក់ព័ន្ធពីបទកាប់រានដីព្រៃ គ្មានលិខិតអនុញ្ញាត ត្រូវបានសាលាដំបូងខេត្តកំពត ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចេញដោយចៅក្រមស៊ើបសួរ ឡុង កេសភីរម្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទកាប់រានដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំងស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ និងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តាមមាត្រា៣១, មាត្រា៣២, មាត្រា៣៣, មាត្រា៣៩ និងមាត្រា៩៧ កថាខណ្ឌ២ ចំណុច៦ នៃច្បាប់ស្ដីពីព្រៃឈើ។
ជនទាំង៣ រួមមាន៖
១៖ ឈ្មោះ ស៊ន រឹម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិត្រពាំងច្រើនជាង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត
២៖ ឈ្មោះ ជេន ប៊ុនលី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
៣៖ ឈ្មោះ ស៉ឹង សំបូរ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែសីហានេះថា កម្លាំងរដ្ឋបាលព្រៃឈើរបស់លោក ចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថអូរដី ស្រុកឈូកខេត្តកំពត នាំខ្លួនជនសង្ស័យចំនួន ៣នាក់ខាងលើ ពាក់ព័ន្ធការឈូសឆាយដីព្រៃរដ្ឋ ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមកសាកសួរនាំ នៅខណ្ឌរដ្ឋបាលព្រៃឈើកំពត កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត។
ក្រោយពីធ្វើការសាកសួរទៅលើជនសង្ស័យទាំង៣រូបរួចមក រូបលោកក្នុងនាមខណ្ឌរដ្ឋបាលព្រៃឈើកំពត ក៏បានបញ្ជូនសំណុំរឿង និងនាំខ្លួននូវជនសង្ស័យទាំង ៣នាក់ ឡើងស្ថាប័នអយ្យការ ហើយសាលាដំបូងខេត្តកំពត ក៏ចាត់ការតាមនីតិវិធី ដោយនាំខ្លួនជនសង្ស័យទាំង៣នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នតែម្ដង។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន រួមមាន៖ ត្រាក់ទ័រប៊ុលដូស័រ(T60) ពណ៌លឿង ចំនួន ១គ្រឿង, គោយន្តកន្ត្រៃ ពណ៌ក្រហម កង់កៅស៊ូ ចំនួន ៤គ្រឿង និងត្រាក់ទ័រឈូសឆាយដី ចំនួន ១គ្រឿង។ វត្ថុតាងត្រូវបាននាំយកទៅរក្សាទុក នៅទីស្នាក់ការកងរាជអាវុធហត្ថអូរដីខាងលើ ជាបណ្តោះអាសន្នសិន។
អ្នកដែលបញ្ជាឲ្យឈូសឆាយ កាន់កាប់រុករានដីព្រៃរបស់រដ្ឋ ដោយគ្មានច្បាប់អនុញ្ញាតនោះ មិនទាន់ត្រូវបានសមត្ថកិច្ច រកឃើញវែកមុខ បង្ក្រាបនៅឡើយទេ៕