Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត ចាត់ឲ្យក្រុមការងារ យកអំណោយប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ នៅខណ្ឌឫស្សីកែវ ដែលកំពុងជួបការលំបាក

02-08-2019 18:13

(ភ្នំពេញ)៖ ពិតជាគួរឲ្យសោកសង្រែងបំផុត ចំពោះគ្រួសារក្រីក្រមួយ មានសមាជិកក្នុងបន្ទុក៧នាក់ ក្នុងនោះមានម្នាក់ ដែលអាចរកចំណូលគួបផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ បែរជាជួបរឿងអកុសល់ដោយសារធ្លាក់ខ្លួនឈឺ រហូតស្លាប់បាត់បង់ជីវិត រស់នៅក្នុងភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានដំណឹងដ៏គួរឲ្យអាណិតអាសូរពី លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ នៅរសៀលទី០១ ខែសីហា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់ចែងភ្លាមៗឲ្យក្រុមការងារ អមតទី៣ រួមដំណើរដោយមន្ត្រីពាក់ព័ន្ធមួយចំនួន ក្នុងការនាំយកថវិកា និងគ្រឿងឧបភោគបរិភោគដើម្បីចុះសួរសុខទុក្ខ និងឧបត្ថម្ភជួយសង្គ្រោះ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារក្រីក្រដ៏កម្សត់មួយនេះ ក្រុមការងារ អមតទី៣ អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធនានា តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីកុំឲ្យអស់សេចក្ដីសង្ឃឹម និងមានក្ដីសង្ឃឹមជានិច្ចក្នុងជីវិតរស់នៅ ដោយចាំបាច់ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងមានអនាម័យ ទាំងការហូបស្អាត និងផឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតឡើង ដោយយថាហេតុ។

តាមរយៈក្រុមការងារ អមត ទី៣ អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បន្ទាប់ពីទទួលបានថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារ ក្នុងការតបស្នងសងគុណត្រឡប់ទៅវិញ ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់គ្រួសារគាត់ ដែលកំពុងជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕