(អាមេរិក)៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹទ្ធ សភាសហរដ្ឋអាមេរិកបានអនុម័ត លោក W. Patrick Murphy ឲ្យ ក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសខ្លួនប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៍មានផ្លូវការរបស់សភាអាមេរិក បានបញ្ជាក់ថា «លោក W. Patrick Murphy ជាសមាចិកអាជីពនៃក្របខ័ណ្ឌមន្រ្តីការទូតជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ទីប្រឹក្សា នឹងក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា»។
គួរបញ្ជាក់ថា មុនការអនុម័តនោះ លោក Murphy គឺជាឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយក៏ធ្លាប់ធ្វើការនៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក និងប្រទេសមីយ៉ាន់ម៉ាផងដែរ។
សូមជំរាបថា កាលពី ថ្ងៃ ទី១ ខែ សីហា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងដោយស្នើសុំឲ្យមន្រ្តីស្ថានទូតអាមេរិករក្សាទំនាក់ទំនងជាមួយកម្ពុជា ហើយបើពួកគេមិនពេញចិត្តកម្ពុជាទេ សូមឲ្យមន្រ្តីទាំងនោះវេចបង្វិចត្រឡប់ទៅវិញចុះ។ លោកបានបញ្ជាក់បន្ថែមថា ពិបាកធ្វើការជាមួយមន្រ្តីតូចតាច នៅក្នុងស្ថានទូតអាមេរិក ដែលមន្រ្តីនោះជា មនុស្សព្រៃសម្រាប់ការញុះញង់៕