(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ឯក មួង សុធា ប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ដ្រ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តផែនការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
កិច្ចប្រជុំដែលបានធ្វើនៅ សាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនេះ ក៏មានការចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យជំនាញ ចំណុះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងមន្ដ្រីនគរបាលពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានក្រើនរំលឹក និងណែនាំដល់អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានតួនាទីត្រូវចុះពង្រឹងតាមបណ្ដាខណ្ឌ ត្រូវបច្ចុប្បន្នភាពរាល់មុខសញ្ញាទាំងឡាយ (លួច, ប្លន់, ចាក់ជក់, ប្រើប្រាស់គ្រឿងញៀន) ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន ឬដីកាស្វែងរកចាប់ខ្លួន (ដោយផ្អែកតាមសាលក្រម ឬសាល
ដីកាស្ថាពរ) សម្ដៅរកឃើញនូវមុខសញ្ញាទាំងនោះ ដើម្បីធ្វើការបង្ក្រាប ឬក្តាប់បានពីការរត់គេចខ្លួនជាបុគ្គល ឬជាគ្រួសារ ដើម្បីមានវិធានការស៊ើបអង្កេតស្រាវជ្រាវឲ្យបានម៉ត់ចត់។
លើសពីនេះ លោកប្រធាននាយកដ្ឋាន បានណែនាំឲ្យធ្វើការបំផុសចលនាមហាជននៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន (ក្រុម ភូមិ សង្កាត់) ចូលរួមពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពតាមគ្រប់ខ្នងផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននូវខិតប័ណ្ណឃោសនាបង្ការទប់ស្កាត់បទល្មើស។
លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានណែនាំឲ្យមានការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការតាមស្រាវជ្រាវ និងបង្ក្រាបរាល់មុខសញ្ញាដែលប្រព្រឹត្តបទល្មើសឲ្យបានទាន់ពេលវេលា ជាមួយកម្លាំងនគរបាលដែលនៅតាមមូលដ្ឋាន។
តាមរបាយការណ៍សម្រាប់ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បទល្មើសជារួមកើតឡើង ចំនួន២៩ករណី (លួច៧ករណី និងឆក់២២ករណី) សម្រាប់ខែកក្កដា ប៉ុន្ដែកម្លាំងសមត្ថកិច្ចបង្ក្រាបបានចំនួន២០ករណី ចាប់បានជនសង្ស័យ៣០នាក់ ក្នុងនោះ ខណ្ឌដូនពេញ ៣ករណី, ៧មករា ២ករណី, សែនសុខ ១០ករណី, ចំការមន ១ករណី, បឹងកេងកង ១ករណី, ពោធិ៍សែនជ័យ ១ករណី និងខណ្ឌឫស្សីកែវ ២ករណី៕