Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា កម្ពុជាដាច់ខាតមិនឲ្យមានការនាំចូលសំរាមពីបរទេស ដើម្បីកែច្នៃឬក៏ផលិតជាថាមពលអគ្គិសនីនោះទេ (Video inside)

02-08-2019 16:36

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឱ្យមានការនាំចូលសំរាមពីបរទេសដើម្បីកែច្នៃ ឬក៏ផលិតជាថាមពលអគ្គិសនីនោះទេ និងបានលើកទឹកចិត្តឲ្យមានការកែច្នៃសំរាមក្នុងស្រុកវិញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីប្រកាសលទ្ធផលរបស់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការកែច្នៃសំរាមក្នុងស្រុក ដើម្បីផលិតជាថាមពល អគ្គិសនីបន្ថែមទៀត ក្នុងការចូលរួមការពារបរិស្ថាន និងដោះស្រាយបញ្ហាសំរាមក៏ដូចជា ទីលានចាក់សំរាម ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឱ្យមានការនាំចូលសំរាមពីបរទេសដើម្បីកែច្នៃ ឬក៏ផលិតជាថាមពលអគ្គិសនីនោះទេ»

ជាការកត់សម្គាល់ ការប្រកាសពីបទបញ្ជាជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បានកើតឡើងបន្ទាប់ពីមានហេតុការណ៍សមត្ថកិច្ចកម្ពុជា បានបង្ក្រាបកុងទឺន័រចំនួន ៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេស។ ប្រតិបត្តិការនេះត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយក្រសួងបរិស្ថាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបាននៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា កម្ពុជាមិនមែនជាធុងសំរាម សម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ច នឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕