(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស.វ.ស ចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋជាង៤០០នាក់ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះលោកសាស្រ្តាចារ្យ បានរំលឹកណែនាំដល់បងប្អូនឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ និងត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់។

ការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋនេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យខិតជិតដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៍ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

កម្មវិធីពិនិត្យសុខភាពរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺដើម្បីបំពេញសេចក្ដីត្រូវការឲ្យទាន់ពេលវេលាលើសេវាសុខភាពមូលដ្ឋានជូនប្រជាពលរដ្ឋ រួមមានការផ្តល់នូវសេវា មានជាអាទិ៍ ពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅ សម្រាប់មនុស្សពេញវ័យ និងកុមារ។

ក្នុងនោះមានការទទួលពិនិត្យព្យាបាលដូចជា៖ ពិនិត្យមាត់-ធ្មេញ, ពិនិត្យភ្នែក (មានផ្តល់វ៉ែនតា), ពិនិត្យជំងឺបេះដូង-វាស់សង្វាក់បេះដូង អេកូបេះដូង, ពិនិត្យផ្ទៃពោះ និងអេកូពោះ, ព្យាបាលដោយចលនា, មន្ទីរពិសោធន៍, ផ្តល់ឱសថដោយមិនគិតថ្លៃ៕