(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល បានរៀបចំការប្រឡងត្រួតពិនិត្យសមត្ថភាពបញ្ចប់ការសិក្សា តាមប្រព័ន្ធកុំព្យូទ័រ Online សម្រាប់វគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០១៨ ដែលក្នុងនោះមានកម្មសិក្សាការី នៃវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល វិក្រឹត្យការមន្ត្រីមធ្យម និងវគ្គវិក្រឹត្យការមន្ត្រីក្រមការ ចំនួន ៣៦៩អង្គ/នាក់ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣១ ខែកក្កដា ថ្មីៗនេះ។
ក្នុងការប្រឡងនេះ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការឆ្លើយសំណួរពហុចម្លើយ ដើម្បីវាយតម្លៃសមត្ថភាពចំនួន ១០០សំនួរ ដែលសំណួរទាំងអស់ ត្រូវជ្រើសរើសចេញពីសំនួរ តាមមុខវិជ្ជាចំនួន ជាង២០មុខវិជ្ជា សរុបចំនួនប្រម៉ានជាង ១០០០ (មួយពាន់)សំនួរ បានរៀបចំនៅលើប្រព័ន្ធ Online ទាំងស្រុង និងត្រូវបានជ្រើសរើសដោយគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាលមុន១ថ្ងៃ នៃការប្រឡងនេះ។
ជាមួយគ្នានេះ សាលាក៏បានរៀបចំ មន្ត្រីរាជការសាលាជាអនុគណៈកម្មការផ្សេងៗ និងសេចក្ដីណែនាំផ្សេងៗ សម្រាប់គាំទ្រ និងសម្របសម្រូល ដល់ការប្រឡងត្រួតពិនិត្យ សមត្ថភាពបញ្ចប់ការសិក្សានេះប្រព្រឹត្តទៅដោយរលួន ក្នុងរយៈ៣ថ្ងៃនេះ។
នេះជានវានុវត្តន៍មួយថ្មីទៀត របស់សាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក្នុងការជំរុញឱ្យសាលាភូមិន្ទរដ្ឋបាល ក្លាយជាគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈ «ឌីជីថល (Digital)» នាំមុខគេ នាពេលខាងមុខ។
គួរជម្រាបផងដែរថាប្រព័ន្ធប្រលងតាម Online នេះសាលាភូមិន្ទរដ្ឋបាលបានសហការផ្នែកបច្ចេកទេសជាមួយក្រុមហ៊ុន POSCAR Cambodia ដែលជាក្រុមហ៊ុនដែលមានជំនាញខ្ពស់ក្នុងការរៀបចំប្រព័ន្ធអប់រំតាមបែបទំនើប៕