(ក្រចេះ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង ខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដ៏សកម្មព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង៦៖៥នាទីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៅចំណុចភូមិពង្រ២ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

បើតាមលោក សៀន សុភក្រ័ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសាធាតុញៀននេះ ក្រោមបញ្ជាឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត សម្របសម្រួលដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាសកម្ម រួមនិងវត្ថុតាងគ្រឿងញៀនផងដែរ។

លោកបានបន្តទៀតថា ជនសង្ស័យទី១៖ ឈ្មោះ ញ៉េប រ៉សែត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ ឃុំកើតហេតុខាងលើ, ទី២៖ ឈ្មោះ ស្លេះ អារីហ្វីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិអំពិល ឃុំប៉ឹស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ សារី ម៉ូស្លីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សចំនួន៦កញ្ចប់ (ធំ២កញ្ចប់ តូច៤កញ្ចប់) ថង់ប្លាស្ទិចសម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន ទូយោចូករំលែកគ្រឿងញៀនចំនួន១ ដាវសាម៉ូរ៉ៃ១ដើម កាំភ្លើងកែច្នៃ១ដើម ទូរស័ព្ទចំនួន២គ្រឿង និងសម្ភារសម្រាប់ប្រើប្រាសគ្រឿងញៀន មួយចំនួន។

បច្ចប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕