(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ សហការជាមួយគណៈកម្មការផ្សារអូឬស្សី និងផ្សារដើមគ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងមន្រ្តីនាយកដ្ឋានមន្ទីរ ពិសោធន៍ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅធ្វើការត្រួត ពិនិត្យ ទំនិញ នៅក្នុងផ្សារអូឬស្សី និងផ្សារដើមគ ដោយបាននាំយក ផលិត ផលចំនួន៤០គំរូ ទៅពិសោធន៍។

លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានផ្តោតសំខាន់ ទៅលើផ្តោតទៅលើ ម្ទេសគ្រប់ប្រភេទ និងបន្លែផ្សេងៗ ដោយលទ្ធផលនៅផ្សារអូរឬស្សី ក្រុមការងារបានរកឃើញ សំណល់ថ្នាំសម្លាប់សត្វល្អិត ក្នុងម្ទេសហាវៃ ពណ៌លឿង ទម្ងន់១.២គីឡូក្រាម និងម្ទេសម៉ាឡេ ពណ៌ខៀវ ទម្ងន់១.៧គីឡូក្រាម និងផ្សារដើមគ រកឃើញ ផ្កាខ្ទឹម ទម្ងន់០.៥គីឡូក្រាម ម្ទេសហាវៃ ពណ៌លឿង ២ គីឡូក្រាម យកពីប្រទេសវៀតណាម។

ក្រោយពីធ្វើការដកហូតបន្លែទាំងនោះ យកមកកម្ទេចចោលនៅនឹងកន្លែង ក្រុមការងារបានឲ្យអាជីវករទាំងអស់នោះ ធ្វើកិច្ចសន្យាបញ្ឈប់ ការទទួលលក់បន្តទៀត។

លោក គង់ វុទ្ធី បានបន្ថែមថា ការចុះអង្កេតតាមរយៈនាំយកមន្ទីពិសោធន៍ចល័តនេះ គឺជាកិច្ចការបន្ថែមទៅលើសកម្មភាព ដែលក្រុមការងារធ្វើជាប់ជាប្រចាំ ដូច្នេះការសង្កេតបន្ថែមនេះមិនមែនធ្វើតែតាមការរយៈ នាំយកមន្ទីពិសោធន៍ចល័តមកទេ គឺសមត្ថកិច្ចធ្វើទៅតាមសកម្មភាពផ្សេងៗទៀតផងដែរ។

លោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕