(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះឃ្លាំងស្ដុកសម្ភារ នៅខាងក្រោមផ្សារទំនើប The Olympia Mall បានកើតឡើងនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បុគ្គលិកដែលកំពុងបម្រើការ និងប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកន្លែងកើតហេតុ ខណៈដែលផ្សារទំនើបមួយនេះ ទើបតែដាក់ឲ្យដំណើរការនាពេលថ្មីៗកន្លងទៅនេះ។

ភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះ កម្លាំងរបស់អង្គភាពបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមានសមត្ថកិច្ច បានរួមដៃគ្នាចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ រហូតប្រមាណជាង២ម៉ោងក្រោយ ទើបសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ដែលចុះអន្ដរាគមន៍ដោយផ្ទាល់ ជាមួយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងអ្នកគ្រប់គ្រងផ្សារទំនើប The Olympia Mall បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូង មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺផ្ដើមចេញពីជាងផ្សាដែក ក្នុងឃ្លាំងស្ដុកសម្ភារ ហើយខ្ទាតកម្ទេចភ្លើងទៅប៉ះជាមួយកេសស្នា និងខ្សែភ្លើងនៅក្បែរនោះ ទើបបង្កជាអគ្គិភ័យតែម្ដង។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានបន្ដទៀតថា នៅពេលមានភ្លើងឆេះភ្លាមៗ ក្រុមជាងដែលកំពុងតែផ្សាដែកនោះ បាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យបាញ់ដែរ ប៉ុន្ដែមិនអាចគ្រប់គ្រងស្ថានការបាន ហើយពួកគេបានគេចចេញពីកន្លែងឆេះ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចមកជួយអន្ដរាគមន៍ភ្លាមៗ។

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរូបនេះ បានបន្ថែមទៀតថា សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះវិញ សមត្ថកិច្ចមានផលលំបាកយ៉ាងខ្លាំង ព្រោះតែស្ថានភាពបន្ទប់មានបណ្ដោយវែង ហើយស្ថានភាពឆេះនោះទៀតសោត គឺសុទ្ធតែកេសស្នា និងខ្សែភ្លើង ដែលធ្វើឲ្យផ្សែងឈួលខ្លាំង ពិបាកក្នុងការដកបង្ហើមពេលចូលសង្គ្រោះ។ ប៉ុន្ដែដោយសារសមត្ថកិច្ចមានជំនាញច្បាស់លាស់ បានប្រើប្រាស់នូវបំពុងខ្យល់ជំនួយ ពាក់ដើម្បីចុះទៅបាញ់ពន្លត់ទីតាំងដែលមានភ្លើងឆេះ។

យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនេះការជួយសង្គ្រោះករណីឆេះឃ្លាំងស្ដុកសម្ភារ នៅក្រោមផ្សារទំនើបដ៏ធំមួយនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ នេត វន្ថា បញ្ជាក់ថា សមត្ថកិច្ចបានចេញឡានទឹកចំនួន៤០គ្រឿង ប្រើទឹកអស់ចំនួន១១១ឡាន ដើម្បីអន្ដរាគមន៍បាញ់ពន្លត់។

ក្នុងនោះរួមមាន៖ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់៦៩ឡាន, រថយន្ដនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡាន, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡាន, រថយន្ត OCIC ជ្រោយចង្វា ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន, រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន, រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន០១គ្រឿង, ប្រើប្រាស់ទឹកអស់០៣ឡាន, រថយន្តសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន។

សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ សមត្ថកិច្ចជំនាញបញ្ជាក់ថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយការខូចខាតវិញ បំផ្លាញសម្ភារសាងសង់ មួយចំនួនដូចជា ស្នោរ ជ័រទុយយោ និងខ្សែភ្លើង៕