(រតនគិរី)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី ដឹកនាំដោយលោកហេង សាយ ប្រធានសាខា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានាជុំវិញផ្សារ និងក្នុងផ្សារបានលុង ខេត្តរតនគិរី រកឃើញផលិតផលជាង៥៣,៧៦គីឡូក្រាម ហួសកាលបរិច្ឆេទ ដកហូតទុកដុតកម្ទេចចោល។

លោក ហេង សាយ ប្រធានកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ ដែលដាក់តាំងលក់ នៅតាមផ្ទះជុំវិញផ្សារនិងក្នុងបានលុង ខាងលើ ក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួនសរុប ៥៣,៧៦គីឡូក្រាម ក្រុមការងារបានធ្វើកំណត់ដកហូតទុកដុតកម្ទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕