(ភ្នំពេញ)៖ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រោយពីចូលជាធរមាន ច្បាប់ស្តីពីសហជីពបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាភាពសុខដុមរមនានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបានចូលរួមលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។
ការលើកឡើងរបស់លោករដ្ឋលេខាធិការយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើកទី២ លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសហជីព នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វេ។
លោក ម៉ម វណ្ណៈ បានបង្ហាញចំនួនសហជីពដែលបានចុះបញ្ជីនៅក្រសួងការងារមានការកើនឡើងរៀងរាល់ឆ្នាំនៅគ្រប់ថ្នាក់ ទាំងថ្នាក់សហជីពមូលដ្ឋាន សហព័ន្ធសហជីព និងសហភាពសហជីព។ ជាក់ស្តែង គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ នេះ អង្គការវិជ្ជាជីវៈដែលចុះបញ្ជីនៅក្រសួងការងារមានចំនួន ៥០៤៥ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន ៤៨១១សហព័ន្ធ សហជីពមានចំនួន ១៩៥ សហភាពសហជីពមានចំនួន ២៩ សមាគមនិយោជកមានចំនួន ១០។
បន្ថែមលើនេះ ចំនួនវិវាទការងាររួម និងកូដកម្ម-បាតុកម្មក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលបណ្តាលមកពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីសហជីព និងការពង្រឹងប្រព័ន្ធអធិការកិច្ចការងារកាន់តែល្អប្រសើរ។
លោក ម៉ម វណ្ណៈ លើកឡើងបន្តថា ទន្ទឹមនឹងវឌ្ឍនភាពទាំងនេះក៏នៅមានសហជីព និងស្ថាប័នអន្តរជាតិមួយចំនួនមិនទាន់មានការយល់ដឹងច្បាស់អំពីខ្លឹមសារនៃបទប្បញ្ញត្តិច្បាប់ស្តីពីសហជីព ដោយបានបន្តលើកឡើងអំពីកង្វល់មួយចំនួនក្នុងការចុះបញ្ជីសហជីព និងការស្នើសុំបញ្ជាក់ភាពជាតំណាងបំផុតរបស់សហជីព។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់នានាក្នុងការអនុវត្តច្បាប់ស្តីពីសហជីពដែលជាបទប្បញ្ញត្តិច្បាប់ថ្មី បើប្រៀបធៀបជាមួយច្បាប់ស្តីពីការងារ ក្រសួងការងារក៏បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីធ្វើការវាយតម្លៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ ជាមួយតំណាងកម្មករនិយោជិត សហជីព និយោជក និងសមាគមនិយោជក ដោយសហការជាមួយអង្គការ ILO និងបានដាក់ចេញជាសេចក្តីណែនាំនានា អមជាមួយនឹងវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីបំភ្លឺការអនុវត្ត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីសហជីព ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមក្នុងវិស័យការងារ និងបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីពនេះ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា សេចក្តីព្រាងច្បាប់វិសោធនកម្មនេះ គឺជាសេចក្តីព្រាងដែលត្រូវបានធ្វើការកែសម្រួលដោយក្រុមការងារបច្ចេកទេសច្បាប់របស់ក្រសួងការងារ បន្ទាប់ពីបានទទួលធាតុចូលពីភាគីពាក់ព័ន្ធនៅក្នុងសិក្ខាសាលាត្រីភាគីកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ និងមតិយោបល់មួយចំនួនទៀតដែលភាគីពាក់ព័ន្ធបានផ្ញើមកក្រសួង តាមរយៈលិខិតផ្លូវការជាលាយលក្ខណ៍អក្សរកន្លងមក។
ទាំងនេះ គឺជាលទ្ធផលដែលកើតចេញពីធាតុចូលដែលគ្រប់ភាគីពាក់ព័ន្ធបានផ្តល់មកក្រសួង ដើម្បីជាមូលដ្ឋានឱ្យក្រសួងយកមកពិនិត្យពិចារណា ថ្លឹងថ្លែង និងផ្ទៀតផ្ទាត់គ្រប់ជ្រុងជ្រោយកែសម្រួលលើសេចក្តីព្រាងវិសោធនកម្មនេះ សម្រាប់ដាក់ជូនសិក្ខាកាមទាំងអស់បានពិនិត្យបន្ថែមនាពេលនេះ។
សូមរំលឹកផងដែរថា ច្បាប់ស្តីពីសហជីព ដែលរួមមាន ១៧ជំពូក និង១០០មាត្រា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តល់សិទ្ធិ និងសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ និង៩៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ច្បាប់ស្តីពីសហជីព គឺជាក្របខ័ណ្ឌគតិយុត្តមួយដែលមានគោលដៅ ១-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ២-ធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ៣- ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ៤-រួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕