(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា«ទឹកត្រជាក់ត្រីកុំ» បើក្រុមហ៊ុនមួយដែលល្អ កម្មករ-កម្មការិនី និងស្រលាញ់ក្រុមហ៊ុននោះ ហើយនឹងខិតខំធ្វើការងារបម្រើឲ្យក្រុមហ៊ុនអស់ពីចិត្ត ដោយមិនមានការរុញរានោះឡើយ ដូច្នេះក្រុមហ៊ុនត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងថា តើលក្ខខណ្ឌការងារអ្វីខ្លះដែលមិនទាន់បានបំពេញ ដែលធ្វើឱ្យកម្មករមិនពេញចិត្ត ហើយឈប់ច្រើន។
លោក សុខ លូ បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករក្រុមហ៊ុនចម្ការកៅស៊ូតាន់បៀន និងប្រជាពលរដ្ឋរស់នៅបរិវេណជុំវិញចម្ការកៅស៊ូរបស់ក្រុមហ៊ុននេះ។ ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ/ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ អាជ្ញាធរដែនដី កម្មករ កម្មការិនី និងប្រជាពលរដ្ឋប្រមាណជាង៨០០នាក់។
បន្ទាប់ពីមន្រ្តីមន្ទីរការងារបានធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ នៃប័ណ្ណ ប.ស.ស និងស្នងការនគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀនរួចមក លោក សុខ លូ ក៏បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ បំពេញការងាររបស់ខ្លួនឲ្យបានល្អ ចូលរួមទប់ស្កាត់រាល់អំពើបទល្មើសលួចជ័រកៅស៊ូ ដែលជាអំពើមិនត្រឹមត្រូវ ខុសនឹងច្បាប់ ហើយចៀសឲ្យឆ្ងាយពីគ្រឿងញៀន ធ្វើខ្លួនក្លាយជាកម្មករគំរូសម្រាប់កូនចៅយើង ជំនាន់ក្រោយ ហើយត្រូវចាត់ទុកក្រុមហ៊ុនជាឆ្នាំងបាយរបស់បងប្អូន។
លោក សុខ លូ ក៏បានបានស្នើឱ្យក្រុមហ៊ុនទាំងអស់ត្រូវខិតខំគោរពតាមកិច្ចសន្យាដែលមានហើយ ព្រោះវាជាការសំខាន់ណាស់ មិនអាចប្រើតែកម្មករ ហើយមិនមានផ្ទះស្នាក់នៅ ប្រព័ន្ធទឹកស្អាត សាលារៀន មណ្ឌលសុខភាពសម្រាប់ពួកគាត់នោះទេ។
លោក សុខ លូ ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សានូវសុខភាពឲ្យបានល្អ ដោយដេកក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈានមិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។ ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕