(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវការចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថ តាមប្រព័ន្ធអនឡាញកម្ពុជា (Cambodia Pharmaceutical Online Registration System ) ដែលហៅកាត់ថា «Cam Pors» ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ។
ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការនេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដែលមានការអញ្ជើញចូលរួម ពីតំណាងអង្គភាពសុខភាពពិភពលោក លោកស្រីវេជ្ជបណ្ឌិត Li Ailan, មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល, និងវិស័យឯកជនមួយចំនួនផងដែរ ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ស្របតាមយុគសម័យបច្ចេកវិទ្យាទំនើបនេះ ការរៀបចំបង្កើតចេញបានជាប្រព័ន្ធ អនឡាញ សម្រាប់ចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថតាមប្រព័ន្ធ អនឡាញកម្ពុជានេះឡើង ជំនួសការចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថ ចុះបញ្ជីគ្រឹះស្ថានផលិតឱសថមកពីបរទេស ឬប្រវេទន៍គ្រឿងសម្អាង ដោយកន្លងមកប្រើប្រាស់ជាក្រដាស (Hard Copy) ដែលមានភាពពិបាកក្នុងការបញ្ជូនឯកសារ ចំណាយពេលវេលាច្រើន និងតម្រូវឱ្យមានទីតាំងសមស្រប ក្នុងការរក្សាទុកដាក់ឯកសារផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនឡាញ នឹងជួយកាត់បន្ថយបាននូវការចំណាយធុរកិច្ចផលិតផលឱសថ និងគ្រឿងសម្អាង ធានាបាននូវតម្លាភាព គណនីភាព ប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួល ឆាប់រហ័ស អាចធ្វើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងសម្រួលដល់ភ្នាក់ងារត្រួតពិនិត្យឱសថ ក្នុងការចុះត្រួតពិនិត្យផលិតផលឱសថ និងគ្រឿងសម្អាងលើទីផ្សារ។
ជាពិសេស «ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនឡាញនេះ ចូលរួមចំណែកមួយដ៏ធំ ក្នុងការលុបបំបាត់នូវឱសថក្លែងក្លាយ និងអន់គុណភាព ពិសេសធ្វើឱ្យប្រព័ន្ធសុខាភិបាលយើង ផ្ដល់ភាពងាយស្រួលជាមួយវិស័យឯកជន និងដំណើរការបានល្អត្រឹមត្រូវ។ ជាងនេះទៅទៀត បានផ្ដល់នូវគុណប្រយោជន៍ ជូនប្រជាពលរដ្ឋយើង គឺការផ្ដល់ឱសថដែរមានគុណភាព មិនក្លែងក្លាយ និងមិនអន់គុណភាព»។
រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងទៀតថា «ជាមួយគ្នានេះ ក្រសួងនឹងពង្រឹងប្រព័ន្ធគ្រប់គ្រងអ្នកជំងឺ តាមប្រព័ន្ធឌីជីថលនេះឱ្យកាន់តែប្រសើរ ដោយកន្លងមកនេះ យើងបានដាក់អនុវត្ដន៍រួចមកហើយ នៅមន្ទីរពេទ្យព្រះអង្គឌួង តែនៅពេលខាងមុខនេះ យើងនឹងបង្កើតឱ្យមានគ្រប់មន្ទីរពេទ្យទូទាំងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ និងគ្រូពេទ្យ ដឹងពីស្ថានភាព ឬប្រវត្ដិជំងឺដែលធ្លាប់ព្យាបាលកន្លងមក ។ភាពទំនើបនេះ ជាអត្ថប្រយោជន៍មួយខ្ពស់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋយើងកាន់តែប្រសើរ ពិសេសភាពងាយស្រួលដល់អ្នកជំងឺ ដោយគ្រាន់តែកាន់តែកាត ឬបណ្ណសុខភាពខ្លួន ទោះទៅកាន់មន្ទីរពេទ្យណាក៏ដោយនៅស្រុកយើង គ្រូពេទ្យយើង នឹងដឹងពីស្ថានភាពជំងឺរបស់គាត់ តាមរយៈបណ្ណសុខភាពមួយនេះ»។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងព្រួយបារម្ដ ពីការប្រើប្រាស់ផលិតផលនៅតាមប្រព័ន្ធអនឡាញ ព្រោះថា ការផ្សាយផលិតផលមិនត្រឹមត្រូវ ដែលធ្វើឱ្យមានការយល់ច្រឡំ ដែលធ្វើឱ្យប្រជាពលរដ្ឋយើង ប្រើប្រាស់ទៅប៉ះពាល់ដល់សុខភាព ព្រោះបច្ចុប្បន្ននេះ មានទាំងផលិតផលប៉ូវកម្លាំង គ្រឿងសម្អាងផ្សេង ដោយផលិតផលខ្លះ មិនបានចុះបញ្ជិកា ដូច្នេះផលិតផលនោះមិនត្រឹមត្រូវហើយមិនបានផ្ដល់ប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងនោះទេ ជាពិសេសធ្វើឱ្យខាតបង់ទាំងថវិកា និងប៉ះពាល់ដល់សុខភាពថែមទៀតផង៕