(ពោធិ៍សាត់)៖ បុរសម្នាក់ទំនងស្រវឹងស្រាជោគ ជិះម៉ូតូបុករះស្លាកយីហោអ៊ុតសក់, ធ្វើធុងបាស់ និងលក់សាំង បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៨៖១៥នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១៥៥ ត្រង់ចំណុចខាងត្បូងវត្តរលាប ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ចិត្រ្តា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាកវិនន័រ ធ្វើដំណើរលើកំណាត់ផ្លូវលេខ១៥៥ បើកបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចខាងលើ ក៏វេរចង្កូតបុករះស្លាកយីហោអ៊ុតសក់, ធ្វើធុងបាស់ ដែលដាក់សាំងលក់ពីមុខផង ក៏ដួលបោកក្បាលស្លាប់តែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិឈរមើលលាន់។

សេចក្តីរាយណ៍បន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ រួចយកម៉ូតូមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕