(ស្វាយរៀង)៖ ស្ត្រីម្នាក់បានស្លាប់ និងកូន ២នាក់ទៀតរងរបួស ដោយសារតែបាតុភូតគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឱ្យដួលរលំផ្ទះសង្កត់លើ ខណៈដែលពួកគាត់កំពុងតែហូបបាយនៅក្នុងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងម៉ោង១រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានដឹងថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ពិន សៀន មុខរបរកសិករ អាយុ ៤៧ឆ្នាំ និងកូនស្រីរងរបួសមានឈ្មោះ សុខ នី អាយុ៥ឆ្នាំ និងឈ្មោះ សុភាន់ ភេទប្រុស អាយុ២ឆ្នាំ អ្នកទាំង៣រស់ក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តថា មូលហេតុដែលបណ្តាលឱ្យស្ត្រីម្នាក់បានស្លាប់ក្នុងករណីខាងលើ ដោយសារតែពួកគាត់កំពុងតែហូបបាយ មិនបានចាប់អារម្មណ៍ ស្រាប់តែមេឃភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់ដួលរលំសង្កត់តែម្ដង។ ករណីបាតុភូតធម្មជាតិ ភ្លៀងលាយលំ និងខ្យល់កន្រ្តាក់នេះក៏បាន ធ្វើឱ្យរលំផ្ទះប្រជាពលរដ្ឋ ១ខ្នង និងប៉ើងដំបូលផ្ទះ៧ខ្នងទៀតផងដែរ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដីសោកសង្រេងបំផុត៕