(ភ្នំពេញ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា បានលើកឡើងថា ថ្វីត្បិតតែសមាគម ទើបតែបង្កើតក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់ បានចូលរួមសហការគ្នាបានយ៉ាងល្អ គួរជាទីមោទនៈ ដោយឈរលើគោលការណ៍របស់សមាគម គឺ រួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន។
ការលើកឡើងបែបនេះ របស់លោក មែ ស៊ីថុន ប្រធានសមាគម បានធ្វើឡើងក្នុងឱកាសដែល សមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា រៀបចំកម្មវិធីបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំទី១ និងបាយសាមគ្គី នៅទីស្នាក់ការកណ្តាលសមាគម ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍មុន។
លោក មែ ស៊ីថុន បានបញ្ជាក់ទៀតថា ក្រោមម្លប់សន្តិភាព សេរីភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម សមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា នឹងបន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួន ជាបន្តទៀតសម្រាប់ឆមាសទី២ ឆ្នាំទី១ ខាងមុខនេះ ដោយប្តេជ្ញាអនុវត្តតាមផែនការរបស់ខ្លួន ឲ្យបានសម្រេចគោលដៅ១០០ភាគរយ។
បើតាមប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា រូបនេះ បានឲ្យដឹងថា ក្រោមផែនការសកម្មភាពរបស់សមាគមកន្លងមកនេះ សមាគមសម្រេចបាននូវលទ្ធផលរួមមាន៖ សមាគម បានចុះចែកសម្ភារសិក្សា កាតាប កង់ និងដាំដើមឈើ បានចំនួន៧សាលា ក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម» និង «ដើមឈើមួយ ជីវិតមួយ» ដូចខាងក្រោម៖
១៖ សាលាម៉ាហាទដារុលហ្វួរកខេមបូឌា ស្ថិតនៅអគារ១៧៤ ផ្លូវ៥៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២៖ សាលាបឋមសិក្សា សេដ្ឋី ស្ថិតនៅភូមិសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
៣៖ សាលាបឋមសិក្សា គីរីវន្ត ស្ថិតនៅភូមិក្រាំងច្រេស ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៤៖ សាលាបឋមសិក្សា ពោល្យំ ស្ថិតនៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
៥៖ សាលាបឋមសិក្សា ប្រផាត់ ស្ថិតនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៦៖ សាលាបឋមសិក្សា បេងបុរី ស្ថិតនៅភូមិព្រៃសំរោង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៧៖ សាលាបឋមសិក្សា ខ្ជាយ ស្ថិតនៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
សាលារៀនទាំង៧ ខាងលើនេះ មានសិស្សានុសិស្សសរុប ចំនួន៣,២៨៩នាក់ ក្នុងនោះ មានសិស្សឥស្លាមចំនួន១០៥នាក់, កង់ចំនួន២៥គ្រឿង, កាតាបចំនួន៩៤៧កាតាប និងដាំកូនឈើប្រណិតចំនួន៥៥០ដើម។
លោក មែ ស៊ីថុន បានឲ្យដឹងផងដែរថា លទ្ធផលដ៏ល្អប្រសើរនេះ បានសរបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ មានស្មារតី និងឆន្ទៈខ្ពស់ ក្នុងការងារសង្គម មិនតែប៉ុណ្ណោះ បានលះបង់ពេលវេលាដ៏មានតម្លៃ ទ្រព្យធនផ្ទាល់ខ្លួន និងកម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មជាមួយសមាគម។
ជាមួយគ្នានោះ ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា ក៏សូមអរគុណដល់សប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេសទាំងអស់ ដែលបានគាំទ្រសកម្មភាពការងារសង្គមរបស់សមាគម និងបានជួយឧបត្ថម្ភថវិកា និងសម្ភារសិក្សាផ្សេងៗផងដែរ៕