(ភ្នំពេញ)៖ កម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានឃាត់បុគ្គលិកក្រុមហ៊ុនដឹកសំរាមស៊ិនទ្រីម្នាក់ ក្រោយចាប់រំលោភកូនស្រីចុងរបស់ខ្លួនរហូតដល់មានផ្ទៃពោះចំនួន ៧ខែ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។
អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះថា កាលពីខែមិថុនា ឆ្នាំ២០១៩ នៅពេលយប់ ស្ថិតនៅចំនុចផ្ទះជួល សង្កាត់ស្ទឹងមានជ័យទី២ ជនរងគ្រោះ ខ.ស.ភ អាយុ១៦ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ ជាមួយប្អូនតូចៗចំនួន២នាក់ ស្រាប់តែជនសង្ស័យជាឪពុក ខេង ហាន អាយុ៤៣ឆ្នាំ បានទៅចាប់សង្កត់ពីលើជនរងគ្រោះរួចខ្ទប់មាត់ គម្រាមសម្លាប់ បើសិនជនរងគ្រោះស្រែក។
ជនសង្ស័យបានចាប់រំលោភជនរងគ្រោះបានសម្រេចចំនួន៣លើក រួចជនសង្ស័យបានចាប់ជនរងគ្រោះរំលោភជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ទើបជនសង្ស័យ ឈប់ចាប់ជនរងគ្រោះរំលោភដោយជនរងគ្រោះមានផ្ទៃពោះចំនួន០៧ខែ។
រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្តាយ និងជីតាបង្កើតរបស់ជនរងគ្រោះ សួរជនរងគ្រោះដឹងរឿងជនសង្ស័យចាប់រំលោភ រហូតដល់មានផ្ទៃពោះ០៧ខែ ទើបដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៣០នាទីឈ្មោះ ឌុច វ៉ែន ត្រូវជាជីតា និងឈ្មោះ វ៉ូច ចន្តា ត្រូវជាម្តាយបាននាំជនរងគ្រោះមកដាក់ពាកបណ្តឹង និងនាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ខេង ហាន ត្រូវបានឃាត់សួរនាំនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕