(ភ្នំពេញ)៖ ការងារសាងសង់ប្រឡាយស្ទឹងមានជ័យ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ដល់ស្ពានដើមស្លែង ដែលមានប្រវែងជិត ១៥០០ម៉ែត្រ មកដល់ពេលនេះ បានដំណើរការឈានដល់ ជំហានទី២ហើយ ជាមួយនិងការបុកស៊ីផាយចិញ្ជាំងបេតុងបានជិត ៥០០ម៉ែត្រសងខាង ការដាក់លូប្រអប់បីជួរ ការចាក់ថ្មមិចធ្វើផ្លូវ សងខាងប្រឡាយ និងការស្ថាបនាស្ពានដែក ឆ្លងប្រឡាយបានសម្រេចជាច្រើនភាគរយផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ដល់ស្ពានដើមស្លែងប្រវែង១៤៩៥ម៉ែត្រ ជាលទ្ធផលការងារជំហានទី១-ទី២ សម្រេចការងារបានមួយចំនួនរួមមាន៖ ការងារបុកស៊ីផាយជញ្ជាំងបេតុងបាន ៤៦៦ម៉ែត្រសងខាង, ការងារដាក់លូប្រអប់បីជួរបានប្រវែង ២៥៧ម៉ែត្រ៣ជួរ, ការងារតម្លើងបង្កាន់ដៃប្រឡាយបាន ៤៦៦ម៉ែត្រសង្ខាង, ការងារដាក់លូមុខកាត់មួយម៉ែត្រពីទឹក ៤៦៥ម៉ែត្រ, ការងារដាក់លូមុខកាត់ ១០០០មីលីម៉ែត្រប្រវែង៤០៥ម៉ែត្រ, ការងារដាក់លូកាត់ ៦០០មីលីម៉ែត្រប្រវែង ៧៤១ម៉ែត្រ, ការងារដាក់លូមុខកាត់ ទំហំ៤០០មីលីម៉ែត្រប្រវែង, ការងារចាក់ថ្មមិចធ្វើផ្លូវ សងខាងប្រឡាយប្រវែង ៤៨៥ ម៉ែត្រស្ពានដែក ឆ្លងប្រឡាយភូមិ ៨ម៉ែត្រគុណនឹង៤ម៉ែត្រកន្លះមួយ ជាលទ្ធផលរួមសម្រេចបាន ៧០ភាគរយនៃផែនការ។
គួរបញ្ជាក់ថា សម្រាប់តំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យពី ស្ពានអាកាសស្ទឹងមានជ័យ ដល់ស្ពានដើមស្លែងប្រវែង ១៤៩៥ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះត្រូវបានបែងចែកជា៤តំណាក់កាល ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេច ចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយដែរ។
ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការអភិវឌ្ឍ នេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះជាង ៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រចិញ្វើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕