(ត្បូងឃ្មុំ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស ជួសជុលអាវុធគ្រាប់រំសេវគ្រឿងចក្រ គ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ នៅសាលាពលទាហានទី២ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ ហ៊ុន​ ម៉ាណែត បានលើកឡើងថា កងយោធពលខេមរភូមិន្ទនៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ដែលត្រូវដំណើរការជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។

លោកថា ការគ្រប់គ្រងកម្លាំងបានម៉ត់ចត់ គឺសំខាន់ណាស់ មិនមែនគ្រប់គ្រងតែមនុស្សទេ គឺគ្រប់គ្រងទាំងស្មារតី សតិអារម្មណ៏ ឆន្ទៈឲ្យបានច្បាស់លាស់ និងគ្រប់គ្រងបំពាក់បំប៉ននូវ សមត្ថភាពដើម្បីបំពេញភារកិច្ច។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរ ក្នុងការបើកវគ្គបណ្តុះបណ្តាល នៃជំនាញដ៏សំខាន់នេះ ហើយសូមឲ្យសិក្ខាកាមសិក្សារៀនសូត្រ ឲ្យមានប្រសិទ្ធភាព និងគុណភាពឲ្យបានច្រើនជាងបរិមាណ នៃចំនួនមនុស្សដែលត្រូវសិក្សា។

លោកថា «ការងារហ្វឹកហ្វឺនជាការងារសំខាន់ក្នុងការធានានិរន្តភាព និងសមត្ថភាពកងទ័ព និងសមត្ថភាពឥទ្ធិពលរបស់ប្រទេសជាតិយើងទាំងមូល បើកងទ័ពខ្សោយ នោះកិត្យានុភាពជាតិ ក៏ខ្សោយដែរ។ ដូច្នេះកងទ័ពរបស់យើងត្រូវតែខ្លាំងទាំងការបំពាក់សម្ភារ ទាំងឆន្ទៈសមត្ថភាព នោះយើងអាចប្រតិបត្តិការបាន។ ដូច្នេះយើងត្រូវកសាងធនធានមនុស្សព្រោះ ការកសាងធនធានមនុស្ស គឺសំខាន់ណាស់ដែលការកសាងធនធានមនុស្សគឺផ្អែកលើកត្តា៣ គឺកត្តាសាលា កត្តាកម្មវិធីសិក្សា ឯកសារសម្ភារៈ និងកត្តាយោធាចារ្យ ព្រមទាំងកត្តាលើកទឹកចិត្តផ្សេងៗ»

មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបន្តទៀតថា ការបន្សល់ទុកនូវកងទ័ពល្អ គឺជាមោទនភាពណាស់ចំពោះនាយទាហាន ព្រោះភាគច្រើន នៃទាហានបច្ចុប្បន្នគឺនាយទាហានំនាន់មុន ហើយត្រូវបណ្ដុះបណ្ដាលសម្រាប់ នាយទាហានជំនាន់បច្ចុប្បន្ន និងដើម្បីបន្សល់ទុកស្នាដៃ ជាបទដ្ឋាន ជាស្តង់ដានៃការបណ្ដុះបណ្ដាលរបស់ខ្មែរ សម្រាប់នាយទាហានជំនាន់ក្រោយៗ ទៀតអនុវត្តតាម។ ហើយនាយទាហានជំនាន់ក្រោយត្រូវខិតខំសិក្សាឲ្យត្រូវតាមជំនាញ ដើម្បីពង្រឹងសមត្ថភាពពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាបានសុខសន្តិភាព ស្ថិរភាពជូនជាតិ និងដើម្បីកិត្យានុភាពជាតិរបស់យើង។

លោកបានបញ្ជាក់ថា «ជាតិត្រូវការកងទ័ព កងទ័ពត្រូវការជាតិ, កងទ័ពអត់មានជាតិ ក៏អត់មានន័យ, កងទ័ពមានជាតិខ្សោយក៏គេមើលងាយ ជាតិត្រូវការកងទ័ពដើម្បីរឹងមាំ។ ដូច្នេះកងទ័ពត្រូវខិតខំពង្រឹងសមត្ថភាពបំពេញភារកិច្ច ដើម្បីបម្រើជាតិមាតុភូមិ ក៏ដូចជា ការពង្រឹងស្មារតីសតិអារម្មណ៍ច្បាស់លាស់នៅក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសនៅក្នុងដំណាក់កាលនៃការអូសទាញពីមជ្ឈដ្ឋានមួយចំនួន»