(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះមានវិសាលភាព ទូលំទូលាយ ដែលនឹងជំនួសឲ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រម នស/រកម/០៩០២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលជាក្របខ័ណ្ឌគតិយុត្តគោលដំបូង ក្នុងការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មានគោលបំណងបង្កើតឲ្យមានរបបសន្តិសុខសង្គមកម្ពុជា តាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដែលរួមមាន ៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។
សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម បានរៀបចំដោយអនុលោមតាមទម្រង់ដែលបានណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវបានរៀបចំឡើងដោយក្រុមអ្នកច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញការផ្នែកច្បាប់ជាតិ និង ជាមួយដៃគូអភិវឌ្ឍនានា ជាពិសេសភាគីនិយោជក និងសហជីព។
សេចក្តីព្រាងច្បាប់ ត្រូវបានដាក់ឆ្លងការប្រជុំបច្ចកទេសចំនួន ៨លើក ប្រជុំអន្តរក្រសួងនៅថ្ងៃ២៨-២៩ ខែមិថុនា ឆ្នាំ២០១៨។ រីឯជំពួកស្តីពីទោសប្បញ្ញត្តិត្រូវបានពិភាក្សាជាមួយក្រសួងយុត្តិធម៌។
លោក ផៃ ស៊ីផាន បន្តថា សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់បំផុត សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ ទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាក្នុងសង្គម។
សេចក្តីព្រាងច្បាប់នេះ ក៏ជាបទដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ និងជាការអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយដែលទទួលបានការគាំទ្រពេញទំហឹងពីប្រជាជនម្ចាស់ឆ្នោត៕