(ភ្នំពេញ)៖ ទឹកដោះគោស្រស់របស់កម្ពុជាដែលផលិតដោយរាជបណ្ឌិត្យសភាកម្ពុជា នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា «តេជោសែន ឫស្សីត្រឹប» នៅក្នុងខេត្តព្រះវិហារនោះ ត្រូវបានយកចែកជូនថ្នាក់ដឹកនាំកំពូលៗរាជរដ្ឋាភិបាលកម្ពុជាពិសានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គណៈរដ្ឋមន្ត្រីឱ្យជួយគាំទ្រដល់ផលិតផលទឹកដោះគោស្រស់ ដែលជាផលិតរបស់ជាតិកម្ពុជានេះផងដែរ។
សូមបញ្ជាក់ថា លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តួចផ្តើមគំនិតចិញ្ចឹមគោយកទឹកដោះនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប» នៅក្នុងខេត្តព្រះវិហារ ដើម្បីចម្រាញ់ជាទឹកដោះគោស្រស់ទុកសម្រាប់ចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ មេគោផើមពូជហូឡង់ចំនួន ១០០ក្បាល ក្នុងចំណោម ៥០០ក្បាល ត្រូវបានដឹកចូលទៅកាន់ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប» ដើម្បីចិញ្ចឹមយកទឹកដោះយកមកផលិតជាទឹកដោះគោស្រស់។ ក្
រោយពេលមេគោទាំងនេះដឹកជូលដល់កន្លែងចិញ្ចឹម រាជបណ្ឌិត្យសភាកម្ពុជា បានផលិតទឹកដោះគោស្រស់បានបណ្តើរៗផងដែរ តែក្នុងទំហំតិចតួចនៅឡើយ មិនទាន់មានការចែកចាយលើទីផ្សារនោះទេ។
លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០២០ គោសរុបចំនួន ៥០០ក្បាលនឹងមាននៅក្នុងឧទ្យាននេះ ហើយទឹកដោះគោនឹងត្រូវបានផលិតរហូតដល់មួយម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីយកទៅផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់ ពិសេសទេសចរណ៍នៅក្រុងសៀមរាប៕