(សៀមរាប)៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺករណីប្រជាពលរដ្ឋចោទថា អាជ្ញាធរជាតិអប្សរាបានធ្វើរបងហ៊ុព័ទ្ធរំលោភយកដី ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ទាំងមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋនៅឡើយ។
ការតវ៉ានេះធ្វើឡើងនារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ ស្ថិតត្រង់ចំណុចមុខក្បាលដីលេខ៣៣៧ (ក្បែរចំណុចប្រសព្វរវាងផ្លូវ៦០ម៉ែត្រ និងផ្លូវត្រាំនាគ) ក្នុងនោះមានប្រជាពលរដ្ឋជាង ១០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ដោយមានការកាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពិជ័យសេនា ទៀ បាញ់ លោក ជា សុផារ៉ា និងលោក ទៀ សីហា ឱ្យជួយពួកគាត់។
ដើម្បីជៀសវាងការភ័ន្តច្រឡំមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សូមបំភ្លឺជូនសាធារណជនឱ្យបានជ្រាបពាក់ព័ន្ធនឹងក្បាលដីលេខ៣៣៧ ដូចខាងក្រោម៖
ទី១៖ ក្បាលដីនេះស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានទំហំ ១០៧ ៩៨៥.៧២ ម៉ែត្រការ៉េ (ដប់ម៉ឺនប្រាំពីរពាន់ប្រាំបួនរយប៉ែតសិបប្រាំ ចុចចិតសិបពីរម៉ែត្រការ៉េ) ជាក្បាលដីមួយក្នុងចំណោមក្បាលដីក្នុងបុរីសណ្ឋាគារ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៥។ ក្បាលដីនេះ គឺជាក្បាលដីដោះស្រាយគោលនយោបាយរួច (កម្មសិទ្ធិឯកជនរបស់រដ្ឋ) ដែលត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រង តាមរយៈអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ទី២៖ ដើមឡើយ ក្បាលដីនេះស្ថិតនៅក្នុងតំបន់ដែលរដ្ឋអំណាចបានបែងចែកទៅឱ្យប្រជាពលរដ្ឋ ដែលធ្វើមាតុភូមិនិវត្តន៍កាលពីអំឡុងឆ្នាំ១៩៩៤ ដោយក្នុងមួយគ្រួសារទទួលបានដី ១ឡូតិ៍ ដែលមានទំហំ ២០ម៉ែត្រ x ៤០ម៉ែត្រ និងមានប័ណ្ណសម្គាល់លេខឡូតិ៍ចេញដោយលោក ទេព ប៊ុនឆាយ អតីតអភិបាលស្រុកសៀមរាប ជាឯកសារសម្គាល់សិទ្ធិកាន់កាប់ដី។ បើប្រៀបធៀបជាមួយប្លង់លេខឡូតិ៍របស់សាលាស្រុកសៀមរាប កាលពីសម័យនោះ ឃើញថាក្បាលដីនេះ គឺជាអតីតក្បាលដីដែលរដ្ឋអំណាចបានបែងចែកទៅឱ្យប្រជាពលរដ្ឋដែលធ្វើមាតុភូមិនិវត្តន៍ចំនួន ១១៦ឡូតិ៍ ហើយគណៈកម្មការអន្តរក្រសួងបានដោះស្រាយគោលនយោបាយ ចាប់តាំងពីឆ្នាំ២០០១-២០០២ ជាមួយប្រជាពលរដ្ឋចំនួន ៨១គ្រសារ ដែលបានកាន់កាប់ជាក់ស្តែង និងមានឯកសារសម្គាល់សិទ្ធិកាន់កាប់ដី ជាប័ណ្ណសម្គាល់លេខឡូតិ៍ចេញដោយលោក ទេព ប៊ុនឆាយ អតីតអភិបាលស្រុកសៀមរាប ជាបង្កាន់ដៃទទួលពាក្យចេញដោយការិយាល័យកសិកម្មស្រុក និងជាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចេញដោយអភិបាលទីរួមខេត្ត និងនាយកដ្ឋានសុរិយោដី។
៣៖ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋនូវដី ដែលមិនទាន់ដោះសាយគោលនយោបាយនៅក្នុងបុរីសណ្ឋាគារ ហើយដែលប្រជាពលរដ្ឋបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែង តាមរយៈអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន ១៩គ្រួសារ មានឈ្មោះ ស៊ន រដ្ឋា, ស្រី អែល, ទូច ប៊ុនធឿន, យិន សុគន្ធា, អឿម លេ, ហែន ធីតា, គាង វិញ, សេង មាំង, លី វណ្ណា-ស៊ីម ហ៊ាង, គា ស៊ីណាត, តុង សេងជ័យ, សៅ ចិន្តាធរ, យ៉ង ប៊ុនឈឿន, ស៊ែន រ៉នី, ឌី ម៉លី, ភូ មួយអេង, ចេង សុខនួន, អោម សុខា និង គឹម ចាន់នី បានដាក់ពាក្យបណ្តឹងទៅគណៈកម្មការចម្រុះអនុវត្តអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ដើម្បីសុំសិទ្ធិគ្រប់គ្រងដីជាន់លើក្បាលដីនេះ ប៉ុន្តែពាក្យបណ្ដឹងទាំងអស់នោះ ត្រូវបានគណៈកម្មការចម្រុះអនុវត្តអនុក្រឹត្យលេខ ១៥៨ អនក្រ.បក សម្រេចបដិសេធចោលទាំងស្រុង។
ទី៤៖ ប្រជាពលរដ្ឋទាំង១៧គ្រួសារខាងលើ មិនមែនជាប្រជាពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងលើក្បាលដីនេះទេ ហើយឯកសារសម្គាល់សិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់ សុទ្ធតែជាឯកសារដែលចេញដោយមេភូមិព្រៃគុយ និងមេឃុំអំពិល ខណៈដែលក្បាលដីនេះ គឺស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ហើយពួកគាត់សុទ្ធតែជាអ្នកទិញដីបន្តពីគេ ក្នុងអំឡុងឆ្នាំ២០០២ ឆ្នាំ២០០៤ ឆ្នាំ២០០៥ ឆ្នាំ២០០៧ និងមានមួយចំនួនទើបតែទិញ ក្នុងអំឡុងឆ្នាំ២០១៤-២០១៥ ពោលគឺទិញនៅក្នុងអំឡុងពេលហាមឃាត់ដោយអនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីបុរីសណ្ឋាគារ។
ទី៥៖ ថ្មីៗនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដីរដ្ឋ អាជ្ញាធរជាតិអប្សរា បានសម្រេចធ្វើការឈូសឆាយ និងធ្វើរបងព័ទ្ធជុំវិញក្បាលដីដោះស្រាយគោលនយោបាយរួចមួយចំនួន រួមទាំងក្បាលដីនេះផងដែរ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថា ខ្លួននៅតែទទួលស្វាគមន៍ និងដោះស្រាយជូនប្រជាពលរដ្ឋទាំងឡាយណា ដែលមានភស្តុតាងនៃការកាន់កាប់ដី និងឯកសារសម្អាងត្រឹមត្រូវ និងស្របច្បាប់ និងស្នើឱ្យប្រជាពលរដ្ឋទាក់ទងមកក្រុមការងារ គ្រប់គ្រងដីបុរីសណ្ឋាគាររបស់អាជ្ញាធរជាតិអប្សរា តាមរយៈទូរស័ព្ទលេខ ០៦៣ ៧៦៥ ៤១១ / ០៨៥ ៣០៤ ០៦៦ នៅរៀងរាល់ម៉ោងធ្វើការ៕