(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំសិក្សា ២០១៨-២០១៩ នៅវិទ្យាល័យ ព្រែកលួង និងវិទ្យាល័យ បាន ដាវ សរុបចំនួន២៩២នាក់ ក្នុងនោះស្រី មានចំនួន១៥៩នាក់ និងលោកគ្រូ អ្នកគ្រូទទួលបន្ទុកបំប៉នសិស្សត្រៀមចំនួន២០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបាននាំយកប្រាក់ឧបត្ថម្ភ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សរុប១៤,១២០,០០០រៀល។
ក្នុងនោះ សម្រាប់សិស្ស២៩២នាក់ ក្នុងម្នាក់ចំនួន១០,០០០រៀល លោកគ្រូ អ្នកគ្រូ២០នាក់ ក្នុងម្នាក់ៗ៨០,០០០រៀល និងឧបត្ថម្ភសម្រាប់លោកគ្រូ អ្នកគ្រូចូលរួមបំប៉នសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់វិទ្យាល័យព្រែកលួង ៦,០០០,០០០រៀល និងវិទ្យាល័យ បាន ដាវ ៣,៦០០,០០០ រៀល។
ជាមួយគ្នានេះ លោក កៅ ថាច បានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដល់ប្អូនៗដើម្បីទុកជាដើមទុន និងមានមូលដ្ឋាន ដើម្បីត្រៀមខ្លួនប្រឡងយកសញ្ញាបត្រទុតិយភូមិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខ។
ដោយឡែក លោក ក៏បានធ្វើការណែនាំអំពីព័ត៌មានអាហារូបករណ៍ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ផ្តល់ជូនប្អូនៗ នៅស្រុកខ្សាច់កណ្តាល ដើម្បីធ្វើការប្រកួតប្រជែង យកសម្រាប់បន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យ។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានធ្វើការផ្សព្ធផ្សាយ និងធ្វើការបកស្រាយ អំពីសភាពការណ៍នយោបាយថ្មីៗមួយចំនួន ដែលកំពុងកើតឡើងនៅកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូនសិស្សានុសិស្សឲ្យបានជ្រួតជ្រាបផងដែរ។
ទន្ទឹមនេះ លោក កៅ ថាច បានធ្វើការផ្តាំផ្ញើដល់ប្អូនៗ៖
* ត្រូវមានផែនការ និងដាក់គោលដៅឲ្យបានច្បាស់លាស់ ដើម្បីទទួលបានជោគជ័យនៅថ្ងៃអនាគត
* បន្តចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យអន្តរាយដល់ខ្លួន សង្គមជាតិ និងក្រុមគ្រួសារ
* បន្តចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងសមិទ្ធិផលសង្គម ដែលសម្រេចបានដោយការខិតខំប្រឹងប្រែងរាជរដ្ឋាភិបាល និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទាំងអស់គ្នា
* ចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ
* ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិ។
បន្ថែមលើនេះសម្រាប់ស្រុកខ្សាច់កណ្តាល នៅឆ្នាំក្រោយ លោក កៅ ថាច នឹងរៀបចំឲ្យមានការប្រកួតកីឡាមហាជន និងការប្រឡងសិស្សពូកែ ទូទាំងស្រុកខ្សាច់កណ្តាល ដើម្បីដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីផងដែរ៕