(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងលោក គង់ គឹមនី អភិបាលស្រុកស្នួលនៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា និងថវិកាចែកជូនគ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ រលំផ្ទះ និងរបើកដំបូលចំនួន ១២០គ្រួសារ កាលពីយប់ថ្ងៃទី៣១ ខែកក្ដដា នៅឃុំស្នួល ស្រុកស្នួល។

លោក គង់ គឹមនី បានឲ្យដឹងនៅល្ងាចថ្ងៃទី១ ខែសីហានេះថា អំណោយទាំងនោះរួមមាន៖ ក្មុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១យូ មី១កេះ ឃីត១កញ្ចប់ (ភួយ មុង ក្រម៉ា តុង សារ៉ុង) និងថវិកាចំនួន៥០០០០រៀល។

លោកបញ្ជាក់ទៀតថា គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរជាងគេមានចំនួន ២គ្រួសារ ត្រូវបានលោកអភិបាលខេត្ត ជួយឧបត្ថម្ភបន្ថែមចំនួន ២០ម៉ឺនរៀល ហើយរូបលោកក៏បានជួយឧបត្ថមចំនួន ២០ម៉ឺនផងដែរ។

ពេលសំណះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកបានចូលរួមសោកស្តាយយ៉ាងខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ ដែលបានបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិ និងរងរបួសដោយបាតុភូតធម្មជាតិនេះ ព្រមទាំងបានផ្តាំផ្ញើសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពជ្រក។

ជាមួយគ្នានេះ លោកក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ពិសេសសូមជួយមើលថែទាំក្មេងៗ និងចាស់ជរាឲ្យបានល្អប្រសើរ៕