(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារស្ថាប័នមន្ទីរពាក់ព័ន្ធ ចុះពិនិត្យច្រាំងទន្លេ ដែលធ្លាប់បាក់ស្រុតប៉ះពាល់ផ្លូវថ្នល់ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នាពេលកន្លងមក។
មន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា នៅស្រុកកោះសូទិនជាស្រុកមួយ នៅតាមដងទន្លេក្នុងខេត្តកំពង់ចាម ដែលធ្លាប់រងគ្រោះបាក់ស្រុតច្រាំងទន្លេ និងមានការប៉ះពាល់ផ្លូវធ្វើដំណើរ និងលំនៅ ឋានរបស់ប្រជាពលរដ្ឋផងដែរក្នុងរដូវទឹកជំនន់កាលពីឆ្នាំ២០១៨កន្លងមក។
ដូច្នេះក្នុងឆ្នាំ២០១៩នេះ ទន្ទឹមនឹងការទើបតែចូលកាន់មុខតំណែង ជាអភិបាលខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា បានចុះត្រួតពិនិត្យភូមិសាស្រ្ត ដែលធ្លាប់រងផលប៉ះពាល់ ពីការបាក់់ស្រុតច្រាំងទន្លេនេះ ដើម្បីរិះរកវិធានការទប់ស្កាត់ជាមុន នៃការបាក់ស្រុតច្រាំងទន្លេចៀសវាងមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងរដូវទឹកជំនន់នាពេលខាងមុខនេះ៕