(ភ្នំពេញ)៖ ក្រោយប្រជាពលរដ្ឋជាម្ចាស់ដីទិញពីឈ្មោះ កែវ ជា ធ្វើការចោទប្រកាន់ថា ឧកញ៉ា ជា សុខហេង បានយកកុងតឺន័រទៅដាក់បិទផ្លូវចេញ ចូលដីដែលកំពុងមានទំនាស់ និងមាន ដីការក្សាការពារដោយតុលាការរួចមកស្រាប់តែឧកញ៉ា ជា សុខហេង ចេញមុខអះអាងថា មូលហេតុដែលលោកយកកុងតឺន័រទៅដាក់បិទផ្លូវបែបនេះ ព្រោះតែមានជនទី៣ និយាយរួមគឺភាគីក្រុមហ៊ុនថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន បានចូលទៅធ្វើសកម្មភាពឈូសឆាយ ធ្វើរបង សាងសង់សំណង់ផ្សេងៗ តាមអំពើចិត្តនៅលើទីតាំងដីដែលលោកមានប័ណ្ណ កម្មសិទ្ធិស្របច្បាប់តែប៉ុណ្ណោះ។
ក្រោយអង្គភាពព័ត៌មាន Fresh News ចេញផ្សាយអត្ថបទមានចំណងជើងថា «ប្រជាជនទិញដីពុះឡូត៏ពីឈ្មោះ កែវ ជា ចោទឧកញ៉ា ជា សុខហេង បំពានដីការក្សាការពារយកកុងតឺន័របិទផ្លូវចេញ ចូលលើដីទំនាស់, ប្រជាជនសុំអយ្យការ និងអាជ្ញាធរមានវិធានការផង» រួចមក ឧកញ៉ាជា សុខហេង ដែលរងនូវការចោទប្រកាន់ បានធ្វើដំណើរមកដល់ការិយាល័យនិពន្ធព័ត៌មាន Fresh News ធ្វើការអះអាងថា ដីខាងលើ មុននឹងលោកហ៊ានទិញ គឺទាល់តែជាដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវទើបលោកទិញ។
ក្រោយលោកទិញរួចហើយ បែរជាមានប្រជាជនមួយចំនួន ដោយរួមមានទាំងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចថ្នាក់ដឹកនាំក្នុងខេត្ត និងនៅកន្លែងផ្សេងៗទៀតផងដែរចេញមុខអះអាងថា ដីខាងលើនេះគឺពួកគាត់បានទិញពីឈ្មោះ កែវ ជា ពុះឡូត៏លក់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ ប៉ុន្តែអ្វីដែលលោកមិនអាចទទួលយកបាននោះ គឺនៅពេលថ្មីៗនេះស្រាប់តែលេចក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន ដែលមានឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ ជាតំណាងបានចូលមកទន្ទ្រានកាន់កាប់ដី របស់លោកមួយចំនួនដោយប្រើរថយន្តដឹក ដែក ថ្ម ខ្សាច់ ប្រើកម្មករធ្វើការសាងសង់របង និងសំណង់ផ្សេងៗ ដោយគ្មានខ្លាចរអែងច្បាប់ទំលាប់ និងអាជ្ញាធរអ្វីឡើយ សូម្បីតែដីនេះមានដីការក្សាការពារ ដែលចេញដោយតុលាការហាមមិនអោយធ្វើសកម្មភាពផ្សេងៗ រងចាំបណ្ដឹងអង្គសេចក្ដីចូល ស្ថាពររួចរាល់ក៏គេមិនយកភ្នែកមើលដែរ។
ឧកញ៉ា ជា សុខហេង បានអះអាងបន្ថែមថា តាមពិតក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន ដែលមានឈ្មោះម៉ុង ច័ន្ទរិទ្ធ មិនមានដីពិតប្រាកដទេ គឺទិញដីពីប្រជាពលរដ្ឋដែលកំពុងមានជម្លោះប្ដឹងផ្ដល់គ្នានៅតុលាការតែប៉ុណ្ណោះដើម្បីយកទៅរត់ការធ្វើរឿងបន្ត គឺផ្លូវច្បាប់គ្មានសិទ្ធិចូលកាន់កាប់ ឬធ្វើសកម្មភាពអ្វីឡើយនៅលើដីដែលមិនទាន់ដោះស្រាយចប់ជាស្ថាពរនោះទេ។
ពាក់ព័ន្ធករណីនេះ យោងតាមឯកសារដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបានអោយដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន បានធ្វើសំណើទៅក្រសួងមហាផ្ទៃ សុំគោលការណ៏អភិវឌ្ឍលំនៅឋាន បែបទេសចរណ៏ឆ្នេរព្រែក ស្ថិតនៅតំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ នៃដៃព្រែកស្ថិត នៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងទៅអភិបាលខេត្តកំពត ពាក់ព័ន្ធការសុំគោលការណ៏អភិវឌ្ឍរបស់ក្រុមហ៊ុនខាងលើ ដោយអោយរដ្ឋបាលខេត្តធ្វើការសិក្សា និងវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គមអោយបានច្បាស់ លាស់ ការប្រមូលធាតុចូលបន្ថែម ការរកដំណោះស្រាយលើបញ្ហាប្រឈម និងបាតុភាពនានា ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងសំណើសុំអភិវឌ្ឍន៍ របស់ក្រុមហ៊ុនដើម្បីធ្វើរបាយការណ៏ លំអិតពីលទ្ធផលបញ្ជូនមកមកក្រសួងមហាផ្ទៃវិញ។
ក្រោយចុះសិក្សាស្រាវជ្រាវ រដ្ឋបាលខេត្តកំពតនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានធ្វើលិខិតជំរាបជូនទៅក្រសួងមហាផ្ទៃវិញ ដោយ អះអាងថា ដីខាងលើកំពុងស្ថិតនៅក្នុងទំនាស់ ព្រោះកាលពីឆ្នាំ២០០៨ ឈ្មោះកែវ ជា បានទិញដីនៅតំបន់នោះរួចហើយពុះឡូត៏លក់ទៅអោយអតិថិជនចំនួន១៣នាក់រួមទាំងលក់ទៅ អោយមន្ត្រីរាជការ និងថ្នាក់ដឹកនាំមួយចំនួនផង។
ប៉ុន្តែការលក់នេះឈ្មោះ កែវ ជា ពុំបានធ្វើប័ណ្ណកម្មសិទ្ធិ ជូនតាមឈ្មោះបុគ្គលម្នាក់ៗនោះទេ (ប្លង់រួម) តែដោយសារឈ្មោះ កែវ ជា ពុំមាន លុយគ្រប់គ្រាន់ក្នុងការកាត់ប្លង់ ជូនម្ចាស់ដីឡូត៏ម្នាក់ៗ គាត់ក៏បានលក់ដីនេះទាំងអស់ទៅឲ្យឧកញ៉ា ជា សុខហេង ដោយគាត់ ជាអ្នករត់ការ កាត់ឈ្មោះទាំងអស់ ទើបក្រោយមកបង្កើតឲ្យមានទំនាស់ពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋដែលបានទិញដីពីឈ្មោះ កែវ ជា ។
ក្រោយមកប្រជាពលរដ្ឋមួយចំនួន ដែលបានទិញដីពីឈ្មោះ កែវ ជា បានលក់ ដីនោះទៅអោយក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន ហើយបច្ចុប្បន្នដីនោះពាក់ព័ន្ធនឹងដីការក្សាការពាររ បស់សាលាដំបូងខេត្ត។ ដូច្នេះក្នុងដំណាក់កាលកំពុងមានវិវាទនេះ អាជ្ញាធរខេត្តស្នើសុំគោលការណ៍ ដើម្បីផ្អាកសកម្មភាពទាំងឡាយរង់ចាំ ការសម្របសម្រួលដោះស្រាយជាមុនសិន តែបច្ចុប្បន្នភាគីក្រុមហ៊ុននៅតែធ្វើសកម្មភាព ប្រើរថយន្តដឹកខ្សាច់ ដែក ស៊ីម៉ង់ត៏ចូលសាងសង់របង និងសំណង់ផ្សេងៗ នៅលើដីទំនាស់ខាងលើដដែល ទើបនាំអោយឧកញ៉ា ជា សុខហេង យកកុងតឺន័រទៅដាក់បាំងផ្លូវកុំអោយក្រុមហ៊ុននេះ ធ្វើសកម្មភាពល្មើសច្បាប់បានតទៅទៀត។
ពាក់ព័ន្ធការអះអាងខាងលើ និងតាមឯកសារពាក់ព័ន្ធខាងលើ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នេះ អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទងសុំការបំភ្លឺពីភាគី លោក ម៉ុង ច័ន្ធណារិទ្ធ តំណាងក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន បានឡើយ តែយោងតាមឯកសារមួយច្បាប់ បានអោយដឹងថាឈ្មោះ ម៉ុង ច័ន្ធណរិទ្ធ និងឈ្មោះ សុផល ផលិកា ពិតជាបានទិញដីកំពុងមានទំនាស់ ដើម្បីយកទៅរត់ការបន្តក្ដីប្រាកដមែន។
មន្ត្រីមួយរូបនៅខេត្តកំពតបានបង្ហើបប្រាប់អោយដឹងថា តាមផ្លូវច្បាប់ ក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន គ្មានសិទ្ធិចូលទៅគ្រប់គ្រង និងធ្វើសកម្មភាពនៅលើទីតាំង ដីដែលកំពុងមានទំនាស់នោះឡើយ សូម្បីតែច្បាប់អនុញ្ញាតអោយក្រុមហ៊ុននេះ ធ្វើការអភិវឌ្ឍនៅលើទីតាំងដីខាងលើ ក៏មិនមានដែរ តែក្រុមហ៊ុននេះមិនដឹងអាងអីបានជាហ៊ានបំពាន ច្បាប់យ៉ាងដូច្នេះទៅវិញ៕