(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក បានសម្តែងភាពត្រេកអរយ៉ាងខ្លាំង ដែលមានអ្នកចុះឈ្មោះចូលរួមរត់ ក្នុងទិវាកីឡាម៉ារ៉ាតុងចក្រភពខ្មែរលើកទី៦ រហូតទៅដល់ ៣,៥០០នាក់ ដែលបានកើនឡើងប្រមាណ ២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងនោះមាន ៤៨ប្រទេសបានចូលរួម មានបេក្ខជន ១,៥៥០នាក់ជាជនបរទេស ខណៈពេលដែលព្រឹត្តការណ៍នេះ នៅសល់ត្រឹមតែ ៤ថ្ងៃទៀតតែប៉ុណ្ណោះ ដែលវានឹងកើតឡើងនៅមុខប្រាសាទអង្គរវត្ត នាព្រហាមម៉ោង ៥ព្រឹកតទៅ។
លោកស្រី គង់ កុសល នាយិកាទីផ្សារផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរិជិស បានសម្តែងនូវភាពត្រេកអរថា ក្នុងនាមជាម្ចាស់ឧបត្ថមធំក្នុងកម្មវិធីនេះ យើងពិតជាមានសេចក្តីសោមន្សរីករាយបំផុត ដែលទទួលបានព័ត៌មាននៃការចុះឈ្មោះរត់ពីសំណាក់មហាជន ក្នុងកម្មវិធីព្រឹត្តការណ៍ម៉ារ៉ាតុងឆ្នាំនេះ បន្តកើនឡើងរហូតដល់ ២០ភាគរយ ព្រោះការចូលរួមនេះ នឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កុមារក្រីក្រ មន្ទីរពេទ្យ និងគម្រោងអង្គការអភិវឌ្ឍន៍ ដែលជាក្រុមគោលដៅនៃការបរិច្ចាគថវិកា ដែលប្រមូលបានមកពីការចុះឈ្មោះរបស់មហាជន។
លោកស្រី គង់ កុសល ក៏បានផ្តាំផ្ញើរដល់អ្នកដែលបានចុះឈ្មោះរត់រួចរាល់ សូមត្រៀមខ្លួនហ្វឹកហាត់ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមរត់ឱ្យបានល្បឿនលឿន និងឆាប់ដល់ទី ព្រោះពេលវេលានៃព្រឹត្តការណ៍មកកាន់តែកៀកត្រឹមតែ ៤ថ្ងៃទៀតតែប៉ុណ្ណោះ៕