(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានប្រារព្ធរាជធានីភ្នំពេញបានប្រារព្ធ «ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៩» ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ព្រមទាំងលោក-លោកស្រីក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៧ ព្រមទាំងក្រុមហ៊ុនទាំង៦ នៃការដេញថ្លៃ និងតំណាងប្រជាពលរដ្ឋផងដែរ។
លោក ធឹម សំអាន បានឲ្យដឹងថា ឆ្នាំនេះជាឆ្នាំទី១ របស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដោយក្រុមប្រឹក្សាសង្កាត់និមួយៗ មានគណនេយ្យ ភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ ព័ន្ធមួយចំនួនទៀត។ ក្នុងឆ្នាំកន្លងទៅនេះ យើងបានដំណើរការដេញថ្លៃ គំរោងសង្កាត់ទាំង៧ ដោយទទួលបានលទ្ធផលល្អ និងអាចទទួលយកបាន។
លោក នួន ផារ័ត្ន បានលើកឡើងថា បទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការ បានចូលរួមក្នុងកិច្ចលទ្ធកម្មនេះជាច្រើន ក្នុងនោះមាន ក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពរយីករយាកយ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន។
លោក នួន ផារ័ត្ន នៅក្នុងឱកាសនោះដែរ ក៏បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឲ្យបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងគោលការសំខាន់ៗ អំពីការដេញថ្ងៃ។
ជាមួយគ្នានេះដែរ គណៈកម្មាការលទ្ធកម្មសង្កាត់និមួយៗ ត្រូវពិនិត្យឲ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ត្រូវមានលទ្ធភាពសមត្ថភាពដោយធានាតាម លក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវរៀបចំ កិច្ចសន្យា គំរោងយ៉ាងយូរ រយៈពេល៧ថ្ងៃ បន្ទាប់ពីការដេញថ្លៃរួច៕