(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានដាក់ឲ្យដេញថ្លៃគំរោងមូលនិធីអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៩ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តទួលទំពូង ដែលមាន ០៥គំរោង ស្ថិតក្រោមវត្តមានលោក ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានី និងលោក ម៉េត មាសភក្តី ប្រធានការិយាល័យវិនិយោគ និងផែនការ ព្រមទាំងលោក លោកស្រីជាអភិបាលរងខណ្ឌ និងចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ ចូលរួមជាច្រើននាក់។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យដឹងថា ឆ្នាំនេះជាឆ្នាំទី១ របស់ក្រុមប្រឹក្សា សង្កត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
លោកបន្តថា «ក្នុងឆ្នាំនេះ យើងបានដំណើរការដេញថ្លៃគំរោងរបស់សង្កាត់ទាំង៥ បានខិតខំកែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជាការជួសជុលផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម»។
ក្នុងនោះសង្កាត់ទន្លេបាសាក់ ដេញថ្លៃគំរោងផ្លូវបេតុងគ្មានសសៃដែក និងជីកដាក់លូមូលរំដោះទឹក នៅភូមិ៧, ១២, ១៦។ សង្កាត់បឹងត្របែក ដេញថ្លៃគំរោងជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ០,១៣៨គីឡូម៉ែត្រ ទទឹង ៧,២ម៉ែត្រ កំរាស់ ៥០ម.ម និងប្រវែង ០,១៤៣ម៉ែត្រ ទទឹង ៦,២ម៉ែត្រ កំរាស់ ៥០ម.ម និងស្លាកសញ្ញាគំរោង ១កន្លែង ។ សង្កាត់ទួលទំពូង១ ដេញថ្លៃគំរោងជួសជុលផ្លូវបេតុងអាមេ ប្រវែង ១៨៤ម៉ទែត្រ ទទឹង ៧ម៉ែត្រ។ សង្កាត់ទួលទំពូងទី២ ដេញថ្លៃគំរោង ដាក់លូមូល ៤៧៥ម៉ែត្រ ទំហំ ៦តឹក និងស្លាកសញ្ញាគំរោង ១កន្លែង ។ សង្កាត់ផ្សារដើមថ្កូវ ដេញថ្លៃលើគំរោង ដាក់លូរំដោះទឹក ប្រវែង ៩៤៧ម៉ែត្រ មុខកាត់ ៥តឹក និងអណ្តូងលូ ៦៣កន្លែង តាមផ្លូវ៤៣០, ១០៣ និងស្លាកសញ្ញាគំរោង ១កន្លែង។
លោក ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។
នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំ ដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតំលៃនិង ស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំអោយមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។
ជាមួយគ្នានេះដែរ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានស្នើអោយគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យអោយបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួត ពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ អោយបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យា គំរោង សូមគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង៕