(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិ អាវុធគីមី បានថ្លែងថា ទោះបីជាប្រទេសកម្ពុជា មិនមែនជាអ្នកផលិតសារធាតុគីមី និងសម្ភារគីមីមែន ប៉ុន្តែកម្ពុជាបាននាំចូលយ៉ាងច្រើន ធ្វើឱ្យមានការគំរាមកំហែង និងផលប៉ះពាល់ប្រទេសជាតិ។
ឧត្តមសេនីយ៍ឯក ហេង វុទ្ធី ថ្លែងបែបនេះក្នុងដែលឱកាស លោកធ្វើជាតំណាងនាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិ អាវុធគីមី ក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នាខេត្តស្វាយរៀង។
អគ្គលេខាធិការរងអាជ្ញាធរជាតិ អាវុធគីមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីជាព្រះរាជាណាចក្រកម្ពុជា មិនមែនជាអ្នកផលិតនូវរាល់សារធាតុគីមី និងសម្ភារគីមីក៏ពិតមែនប៉ុន្តែកម្ពុជា បាននាំចូល យ៉ាងច្រើន គួរឱ្យកត់សំគាល់ដូចនេះធ្វើឱ្យមានការគំរាមកំហែង និងផលប៉ះពាល់ដល់ប្រទេសយើង»។
លោកបន្តថា ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបនៅរាល់ហានិភ័យ អាជ្ញាធរជាតិអាវុធគីមី បានចុះធ្វើការស្រាវជ្រាវតាមបណ្តាខេត្ត តាមព្រំដែន រុករកឃើញនូវគ្រាប់បែកគីមី (ទស្សវត្ស ៦០-៧០) នូវបណ្តាខេត្តមួយចំនួនដូចជា ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង បានបង្ហាញឱ្យឃើញ នូវគ្រោះមហន្តរាយ ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ បង្ករនូវជំងឺជាច្រើនប្រភេទ កុមារក្បាលធំ យុវ័យមួយចំនួន មានសុខភាពខុសប្រក្រតី។ លោកបានអំពាវនាវដល់ថ្នាក់ខេត្ត មន្ត្រីអនុវត្តច្បាប់ ជួយចូលរួមទប់ស្កាត់ រាល់ការដឹកជញ្ជូនសារធាតុគីមី ហាមឃាត់ជាពិសេសនៅតាមច្រកព្រំដែន។
ឧត្តមសេនីយ៍ឯក ហេង វុទ្ធី ថ្លែងបន្ថែមថា កន្លងមកដើម្បីសម្រេចបាន នូវផែនការសកម្មភាពថ្នាក់ជាតិ ក្នុងនាមអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងនូវសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់ និងសេចក្តីដឹងគុណដ៏ស្មោះ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជួយគាំទ្រដល់ការអនុម័តច្បាប់ និងផែនការសកម្មភាពថ្នាក់ជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីបំពេញ នូវវិធានច្បាប់ដែលពាក់ព័ន្ធ កម្ពុជាបានចូលរួមជាសមាជិក នៃរដ្ឋភាគីសន្ធិសញ្ញា និងអនុសញ្ញា ទៅនឹងការគ្រប់គ្រងសារធាតុពុល តាមការកំណត់របស់អន្តរជាតិ ព្រមទាំងថ្នាក់ជាតិ ១៧ស្ថាប័ន ដើម្បីរួមគ្នាផ្សព្វផ្សាយច្បាប់ និងមានវិធានការម៉ឺងម៉ាត់ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងដែរថា ខេត្តស្វាយរៀង មានច្រកព្រំដែនចំនួន ០៨កន្លែង ក្នុងនោះច្រកព្រំដែនអន្តរជាតិ ០២កន្លែង (បាវិតនិងព្រៃវល្លិ៍) ច្រកទ្វាព្រំដែនទ្វេភាគី ០២កន្លែង (សំរោង និងបុសមន) និងច្រកទ្វា តំបន់ព្រំដែន ០៤កន្លែង (ស្រែបារាំង ដូង ព្រៃអី និងខ្សែដែក) ដែលច្រកទ្វាព្រំដែនទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរដឹកជញ្ជូន ផលិតផលទំនិញចេញ ចូល និងការធ្វើពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី (កម្ពុជា-វៀតណាម) និងជាលក្ខណៈអន្តរជាតិបានល្អប្រសើរ ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់។
ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ គិតមកដល់ពេលបច្ចុប្បន្ន ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១១កន្លែង ក្នុងនោះកំពុងដំណើរការ០៨កន្លែង និងមានរោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានមីមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឯកជន ចំនួន១៩៨ កន្លែង បង្កើតការងារជូន
ប្រជាពលរដ្ឋបានប្រមាណ ៧ម៉ឺននាក់ រួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយការធ្វើចំណាកស្រុក បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
ក្នុងនាមរដ្ឋបាលខេត្ត លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានយកចិត្តទុកដាក់រៀបចំ ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ នឹងអាវុធវិទ្យុសកម្ម ជូនដល់អាជ្ញាធរដែនដី កងម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀង ដើម្បីបង្កើនការយល់ដឹង ឱ្យកាន់តែច្បាស់ថែមទៀត និងចូលរួមសហការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានានូវភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ពិសេសធានានូវការអភិវឌ្ឍ ឱ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យប្រកបដោយនិរន្តរភាព៕