(តាកែវ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដំណើរដោយលោក ទុយ សុភ័ក្ត្រ អភិបាលស្រុកបូរីជលសារ នៅព្រឹកទី0១ ខែសីហា ឆ្នាំ២០១៩ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ ០៣នាក់ ស្ថិតក្នុងភូមិបូរីជលសារ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូនរួមមាន៖ អង្ករ ២០០គីឡូក្រាម ទឹកដោះគោ ០១កេស ស្មើ ២៤កំប៉ុង សារុង០២ ក្រម៉ា០២ និងថវិកា ៥លានរៀល។
កូនភ្លោះ៣នាក់ ដែលបានប្រសូត្រក្នុងគ្រួសារក្រីក្រ ស្ថិតនៅភូមិបូរីជលសារ ឃុំកំពង់ក្រសាំង បានក្លាយជាចៅៗ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំង២ តែងតែផ្ញើរនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ហើយនៅចំពោះមុខគ្រួសារប្រសូត្រទារិកា និងទារកភ្លោះបីនាក់៕