(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី មាស សុភា បានលើកឡើងថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់របស់ខ្លួន ដើម្បីសម្ដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដើម្បីធានាដល់កិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា ការអភិវឌ្ឍលើគ្រប់វិស័យ នៅកម្ពុជា។
ទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះការងារហ្វឹកហ្វឺនជំនាញ បានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឲ្យដល់កងទ័ព ជាពិសេសយោធិន ដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះ ការងារហ្វឹកហ្វឺនជំនាញ ត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រ ការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។
ការលើកឡើងរបស់ទេសរដ្ឋមន្ដ្រី មាស សុភា ក្នុងឱកាសពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម និងមូលដ្ឋានគ្រឹះបច្ចេកទេសបោសសំអាតមីន និងកាកសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាមជំនាន់ទី១៣៦ នៅទីបញ្ជាការវរសេនាតូចវិស្វកម្ម កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រទួល៤២ ភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ។
ទេសរដ្ឋមន្ដ្រី មាស សុភា បានបន្តថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម និងមូលដ្ឋានគ្រឹះកាកសំណល់ជាតិ ផ្ទុះក្រោយសង្គ្រាមជំនាន់១៣៦ ដែលយើងកំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញ ប្រយុទ្ធត្រៀមប្រយុទ្ធ ឲ្យដល់យោធិន និងធ្វើឲ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ ខ.ភ.ម និងមេបញ្ជាការកងទ័ពជើងគោក ដែលបានដាក់ចេញ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ ខ.ភ.ម និងកងទ័ពជើងគោក លោក មាស សុភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្ត ឲ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជន។
ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំកងពលធំអន្តរាគមន៍លេខ៣ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺនជំនាញនេះ ដែលជាការងារស្នូល ត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាពជំនាញ ប្រយុទ្ធត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់ឲ្យបានល្អប្រសើរ សម្ដៅលើកកម្ពស់ការកសាងធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
នាយឧត្តមសេនីយ៍ មាស សុភា បានគូសបញ្ជាក់ទៀតថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គី សហការជាធ្លុងមួយ រវាងស្ថាប័ន CMAC ជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំ កងពលធំអន្តរាគមន៍លេខ៣ ដែលបានយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិត ដែលបានកំណត់។ លោកបញ្ជាក់ទៀតថា លទ្ធផលទាំងនេះ គឺក៏បានពីកិច្ចខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ហ្វឹកហាត់បានស្ទាត់ជំនាញ ទាហានមានវិន័យខ្ពស់ មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងងការដឹកនាំបញ្ជាអនុវត្តហ្មត់ចត់ម៉ឺងម៉ាត់។
ជាមួយគ្នានោះ ទេសរដ្ឋមន្ដ្រី មាស សុភា ក៏បានផ្តាំផ្ញើដល់នាយ ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូអនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ និងនៅតាមអង្គភាពខ្លួនឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត មានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យ បុព្វហេតុការពារជាតិមាតុភូមិ បានកាន់តែរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក៕