(ភ្នំពេញ)៖ ក្រៅពីអេក្រង់លាតពេញ និង កាម៉េរ៉ាបង្កប់ក្នុងអេក្រង់ តើអ្នកចង់បានអីទៀត នេះជាឃា្លមួយដែល OPPO តែងតែសួរអ្នកគាំទ្ររបស់ខ្លួន និង បំពេញនូវអ្វីដែលពួកគេចង់បាន អីឡូវចំណុចទាំងពីរនេះ OPPO ធ្វើបានហើយ ព្រោះកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO បានបង្ហាញទូរស័ព្ទដែលមានអេក្រង់មានរាងកោងនៅសងខាងគែម ដែលកោងរហូតដល់ 88ដឺក្រេ និងមិនមានប៊ូតុងនៅសងខាងឡើយ ដើម្បីបង្ហាញពីភាពជឿនលឿនរបស់ពួកគេទៅកាន់មហាជន ចំពោះការស្វែងរកនូវទម្រង់ថ្មីមួយទៀតនៃស្មាតហ្វូនដ៏អស្ចារ្យនាពេលអនាគត។
លោកនេះ OPPO លេងម៉ូដអេក្រង់ស្ទើរតែពេញគែម 100% តែម្តង(៩៣,៨%) ថែមទាំងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ ដូចកាលបានបង្អួត ក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃដូច្នោះដែរ។ អេក្រង់កោងដ៏ស្រស់ស្អាតនេះត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា Waterfall Screen ដោយមានគែមលើ និងគែមក្រោមស្ទើតែបាត់តែម្តង មិនធ្លាប់មាន។
លោក Brian Shen ជាអនុប្រធានក្រុមហ៊ុន OPPO បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះនៅលើបណ្តាញសង្គម Weibo ដោយបញ្ជាក់ថា អេក្រង់ថ្មីនេះ ប្រើបន្ទះអេក្រង់តូចជាងបន្ទះអេក្រង់របស់ស៊េរី Oppo Find X ទៅទៀត។ ប៉ុន្តែគួរឱ្យស្តាយយើងមិនបានឃើញខ្នងខាងក្រោយ របស់ស្មាតហ្វូននោះឡើយ ប្រហែលជា OPPO ទុក Surprise ទៀតហើយ។
លោកបានឱ្យដឹងទៀតថា ស្មាតហ្វូនដែលបំពាក់អេក្រង់ Waterfall នេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ហើយវាកាន់តែធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ បានរៀបចំជោគជ័យ។
សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ក្នុងការស្រាវជ្រាវការបង្កើតថ្មី សម្រាប់គំនិតច្នៃប្រឌិតគ្មានដែនកំណត់ ចាប់តាំងពីម៉ូឌែល X903 ដែលជាស្មាតហ្វូន ដំណើរការដោយប្រព័ន្ធ Android ដំបូងគេបង្អស់ចាប់តាំង ពីឆ្នាំ២០១១ មកម៉្លេះ ហើយទស្សនៈក្នុងការស្វែងរកទិសដៅអនាគតរបស់ស្មាតហ្វូន ត្រូវបានក្លាយជាគោលដៅចុងក្រោយសម្រាប់ក្រុមផលិតករ OPPO៕